ឃាត់ខ្លួនជនសង្ស័យ ចំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

0

កណ្តាល ៖ អនុវត្ត​នូវ​ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ និង​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ ព្រមទាំង​មានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកណ្តាល ដែល​ឯកឧត្តម តែងតែ​ដាស់តឿន ក្រើនរម្លឹក ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ការ បង្ក្រាប រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន ដូច​ជា​បទល្មើស​គ្រឿងញៀន លួច ឆក់ ប្លន់ ក្មេង​ទំនើង ពិសេស​អនុវត្ត​តាម​ទិស​ស្លោក​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា «​ប្រទេស​ជាតិ​ត្រូវ​តែ​ការពារ ប្រជា​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព បទល្មើស​ត្រូវ​តែ​បង្ក្រាប​»​។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ មាន​ករណី​ហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មួយ​កើតឡើង​នៅ​ចំណុច​ក្នុង​ឃុំ​សំរោង ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រឿងហេតុ​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជា​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ចុះ​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ឃាត់ខ្លួន​មុខសញ្ញា ដែល​ធ្វើ​សកម្មភាព​ខាងលើ​។ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​។

កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ស្រុក​កៀនស្វាយ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ធ្វើ​សកម្មភាព ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ បាន ចំនួន ០៨​នាក់​។ វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ កាំបិត​ផ្គាក់ ០២, កាំបិត​បុ័ងតោ ០១, ម៉ូតូ ០១​គ្រឿង​, ទូរ​សព្ទ័ ០៥​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ​តាង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​រួច​៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល