កម្ពុជា ស្នើឲ្យជប៉ុន ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច

0

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សំណូមពរ​ឱ្យ​ភាគី​ជប៉ុន​ជួយ​ព​ន្លឿ​ន​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​កំពង់​ផែ​ក្រុងព្រះសីហនុ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ជំរុញ​គម្រោងការ​សិក្សា​ធ្វើ​ឱ្យ​កំពង់​ផែ​ក្រុងព្រះសីហនុ​ក្លាយជា​កំពង់​ផែ​តំបន់ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​នៅ​ឆ្នាំ​២០៥០ ដើម្បី​ជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។

ការ​ស្នើ​របស់​ឯកឧត្តម បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Saito TETSUO រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន នា​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។

ក្នុង​ឱកាស​ជំនួប​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ទៀត​ថា នៅ​ដើម​អាណត្តិ​ទី​៧​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​បាន​ធ្វើការ​សម្ពោធ និង​បើក​ការដ្ឋាន​ដែល​ជា​ជំនួយ​របស់​មិត្ត​ជប៉ុន​ជា​បន្តបន្ទាប់​រួម​មាន ផ្លូវជាតិ​លេខ​៥ ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក និង​គម្រោង​បើក​ការដ្ឋាន​លើកកម្ពស់​កំពង់​ផែ​ក្រុងព្រះសីហនុ​ដំណាក់កាល​ទី​២ ជំហាន​ទី​១​។

សូម​បញ្ជាក់​ជូន​ថា ភាគី​ជប៉ុន បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​យ៉ាង​មុតមាំ នឹង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ ព​ន្លឿ​ន​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ដើម្បី​ធានា​បាន​ថា​គម្រោងការ​នេះ​នឹង​អាច​បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​ថា នឹង​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​លើ​សំណើ​គម្រោង​សិក្សា​ផែនការមេ​ធ្វើ​ឱ្យ​កំពង់​ផែ​ក្រុងព្រះសីហនុ​ក្លាយជា​កំពង់​ផែ​តំបន់ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​នៅ​ឆ្នាំ​២០៥០ ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស សំដៅ​អាច​ឱ្យ​ការ​សិក្សា​គម្រោង​នេះ​អាច​ចាប់ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន