ភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, គោលដៅទី២ នៅខុនដូរខាឡា(CALLA)បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទី៣ ខុនដូរ Time Square បន្ទប់លេខ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាលទ្ធផល ៖ ចាប់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់៖
១.ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
២.ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម
៣.ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាងចាប់យករួមមាន ៖
១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(MDMA) ទម្ងន់ ១៥៤៧៧,៦៨ ក្រាម
២. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៣៦៧,៣១ក្រាម
៣.គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧២២៦ក្រាម
៤.គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ((Heroine) ទម្ងន់ ៣១,២១ក្រាម
៥.សារធាតុគីមីផ្សំ ទម្ងន់សរុប ៨១៤៩០,៨៤ក្រាម (៨១គីឡូ ៤៩០,៨៤ក្រាម)
វត្ថុតាងគ្រឿងញៀន សរុបទម្ងន់ ២៥១០២,២ក្រាម (២៥គីឡូ ១០២,២ក្រាម)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕