ព្រះសីហនុ៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០២គ្រឿង បានចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជាវិញហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពទ្វេរឡើងថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
ក្នុងឱកាសចាកចេញពីដែនទឹកកម្ពុជា ដោយមានការទទួលស្វាគមន៍ជូនដំណើរ វិវត្តន៍របស់នាវាកាងទ័ពជើងទឹកចិនទាំងពីរគ្រឿងនៅកំពង់ផែស្វយ័ក្រុងព្រះសីហនុ ពីនាយ នាវី នាយនាវីរង ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូល ដ្ឋានសមុទ្ររាម ។
នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនទាំងពីរគ្រឿងនោះគឺ៖ ទី១. នាវាឈ្មោះ QI JIGUANG លេខ83 (ជានាវាហ្វឹកហ្វឺន) មានទម្ងន់ផ្ទុក ៩ ០០០តោន មានបណ្ដោយ ១៦៣ម៉ែត្រ និងទទឹង ២២ម៉ែត្រ និងទី២-នាវាឈ្មោះ JINGGANG SHAN លេខ999 (ជានាវាពហុមុខងារ) មានទម្ងន់ផ្ទុក ២៥.០០០តោន មានបណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ និងជម្រៅទឹក ៧ម៉ែត្រ។
ក្នុងការធ្វើទស្សនកិច្ច និងស្នាក់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹករំដោះប្រជាជនចិន បានចូលរលជួបសម្តែងការគួរ សមជាមួយ អភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងទៅទស្សនកិច្ចនៅ សាលារៀនក្នុងក្រុងព្រះសីហនុ និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួង ការពារជាតិនៅរាជធានីភ្នំពេញ លេងកីឡាបាល់ទាត់មិត្តភាព ជាមួយកងទ័ពជើងទឹកកម្ពុជា នៅសាលាសម្តេចឪ និងទៅទស្សនកិច្ចតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុផងដែរ៕
ប្រភព៖ AKP