ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាងបីទសវត្សរ៍ចុងក្រោយនេះ មានចំនួនសន្ធឹកសន្ធាប់

0

ភ្នំពេញ៖ ការ​វិនិយោគ​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​សុខាភិបាល​ក្នុង​រយៈពេល​ជាង​បី ទសវត្សរ៍ ចុង​ក្រោយ​នេះ មាន​ចំនួន​សន្ធឹកសន្ធាប់ ព្រមទាំង​បាន និង​កំពុង​នាំ​មក​នូវ​វឌ្ឍន ភាព​សំខាន់​ៗ ជា​ច្រើន​គួរ​ជាទី​មោ​ទ​នៈ​។ ជាក់ស្តែង ការ​ចំណាយ​សរុប​លើ​វិស័យ សុខាភិបាល​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០២៣ បាន​កើន​ដល់​ចំនួន​ប្រមាណ ២២៩៣​ប៊ី​លាន​រៀល សម​មូល​នឹង​ប្រមាណ ៥៧៣​លាន​ដុល្លារ​អាម៉េរិក មាន​កំណើន​ជិត​បី​ដង បើ​ធៀប​នឹង ឆ្នាំ​២០១៣ ដែល​មាន​ចំនួន ត្រឹមតែ ៩០៣​ប៊ី​លាន​រៀល សម​មូល​នឹង​ប្រមាណ ២២៦​លាន​ដុល្លារ​អាម៉េរិក​។

នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា ជាតិ​គាំពារ​សង្គម ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​ផែនទី​បង្ហាញផ្លូវ ឆ្ពោះទៅ​គ្រប ដណ្តប់​សុខភាព​ជាស​កល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤​នេះ​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​បន្ត​ថា ជា​និន្នាការ​ទៅ មុខការ​ចំណាយ​ក្នុង​វិស័យ​សុខា​ភិ បាល​នេះ​នឹង​បន្ត​កើន​ជា​លំដាប់​បន្ថែម​ទៀត ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ពង្រឹង​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ចំណាយ ព្រម​ជាមួយនឹង ការ​បង្កើន​លទ្ធផល​សុខភាព​របស់​ប្រជាពលរដ្ឋ​។

បន្ថែម​លើ​នេះ តាម​រយៈ​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល​នា​ពេល​កន្លង​ទៅ សូចនាករ​មួយ​ចំនួន​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​វឌ្ឍនភាព​នៃ​ដំណើរ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​រួម​មាន​៖ ១.​ការ​កើនឡើង​កម្រិត​ស​ន្ទ​ស្សន៍​នៃ​ការ​គ្របដណ្តប់ សេវា​សុខាភិបាល​សារ​វ័​ន្ត​ពី ២៤​ភាគរយ ក្នុង​ឆ្នាំ​២០០០ រហូត​ដល់ ៥៨​ភាគរយ ក្នុង​ឆ្នាំ​២០២១​។ ២.​ការ​កើន​ឡើងជា​លំដាប់​នៃ​អាយុ​រំពឹង​រស់​របស់​ប្រជាពលរដ្ឋ​ពី ៥៩​ឆ្នាំ ក្នុង​ឆ្នាំ​២០០០ រហូត​ដល់ ៧៦​ឆ្នាំ ក្នុង​ឆ្នាំ​២០២១​។ ៣.​ការ​ថយ​ចុះ​នៃ​ទំហំ​ចំណាយ​ពី​ហោប៉ៅ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​លើ​ការ​ថែទាំ​សុខភាព​ពី​ប្រមាណ ៧០​ភាគរយ ក្នុង​ឆ្នាំ​២០០០ មក​នៅ​ត្រឹម​ប្រមាណ ៦០​ភាគរយ ក្នុង​ឆ្នាំ​២០២០ និង ៤.​ការ​ថយ​ចុះ​នៃ អត្រា​មរណភាព​មាតា និង​ទារក ដែល​ក្នុង​នោះ​មរណភាព​មាតា បាន​ធ្លាក់​ចុះ​ពី​ប្រមាណ ៤៣៧​នាក់ ក្នុង​ឆ្នាំ​២០០០ មក​នៅ​ត្រឹម ១៥៥​នាក់ ក្នុង​ឆ្នាំ​២០២២ ក្នុង​ចំណោម​ទារក ១០០.០០០​កំណើត​រស់ និង​មរណភាព​ទារក​ដែល​ទើបនឹង​កើត បាន​ធ្លាក់​ចុះ​ពី ៣៧​នាក់ ក្នុង​ឆ្នាំ ២០០០ មក​នៅ​ត្រឹម ៨​នាក់ ក្នុង​ឆ្នាំ​២០២២ ក្នុង​ចំណោម ១០០០​កំណើត​រស់​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​បាន​លើក​ឡើង​ថា ទន្ទឹម​នេះ​សមាសធាតុ​នៃ​ប្រព័ន្ធ​គាំពារ​សុខភាព​សង្គម​ដែល​រួម​មាន មូលនិធិ​សមធម៌ សុខាភិបាល និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ក៏​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្តន៍ និង​ពង្រីក​វិសាលភាព​ជា​បន្តបន្ទាប់​។ ជា​សារបាន មូលនិធិ​សមធម៌​សុខាភិបាល ត្រូវ​បាន ចាប់ផ្តើម​អនុវត្តន៍​សាកល្បង​នៅ ក្នុង​ខេត្តសៀមរាប និង​ខេត្តតាកែវ កាលពី​ឆ្នាំ​២០០០ និង​ត្រូវ​បាន​ពង្រីក​ជា បន្តបន្ទាប់​រហូត​ដល់ គ្របដណ្តប់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទូ​ទាំង​ប្រទេស ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ ក្រោម​ជាតិ កាលពី​ឆ្នាំ​២០១៥ ដោយ​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា មូលនិធិ​សមធម៌​សុខាភិបាល​នេះ បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដែល មាន​បណ្ណ​សមធម៌ មាន​លទ្ធភាព​ប្រើប្រាស់​សេវា​ជាស​កល​ចំពោះ​កញ្ចប់​សេវា​សារ​វ័​ន្ត នៃ​អន្តរាគមន៍​គាំពារ​សុខភាព​ដែល​មានគុណ​ភាព ដោយ​ផ្តល់​នូវ​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ទល់​នឹង​ផលវិបាក​នៃ​ជំងឺ និង​ដែល​ត្រូវ​បាន​ពង្រីក វិសាលភាព​ដល់​ក្រុម​គោលដៅ​ដទៃ​ទៀត​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​២០១៨​មក ហើយ​គិត​ត្រឹម ខែមីនា ឆ្នាំ​២០២៤ មូលនិធិ​សមធម៌​សុខា​ភិ បាល​បាន​គ្របដណ្តប់ លើ​ពលរដ្ឋ​គោលដៅ ប្រមាណ ៤,៧​លាន​នាក់ ស្មើនឹង ២៧​ភាគរយ នៃ​ចំនួន​ពលរដ្ឋ​សរុប​៕

ប្រភព៖ AKP