ភ្នំពេញ៖ ក្រោយប្រើពេលស្រាវជ្រាវអស់ប្រមាណ២៤ម៉ោង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគាស់ទូរយកលុយក្នុងភោជនីយដ្ឋានមួយកន្លេង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ អ៊ុក ហេង និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។
ក្រោយទទួលបានព័ត៌មាន ប៉ុន្មានម៉ោងក្រោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្លូវលេខ៥១ (វិថីប៉ាស្ទ័រ) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយសហការជាមួយអធិការដ្ឋានខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣។ ជនសង្ស័យឈ្មោះ ទុំ ទីវ័ន្ត ហៅស្តេច ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ។
បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទុំ ទីវ័ន្ត (ស្តេច) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភាស បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ង៉ែត ភួង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវ២៨២ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ