កងពលតូចថ្មើរជើងលេខ៥១ ធ្វើលំហាត់យុទ្ធដំណើរទ័ពដើម្បីពង្រឹងសមត្ថភាព

0

បន្ទាយមានជ័យ៖ លោក​វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការ​ស្តីទី កងពលតូច​ថ្មើរជើង​លេខ​៥១ នៅ​យប់​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ នាយទាហាន ពល​ទាហាន អង្គភាព​ចំណុះ​កងពល ធ្វើ​លំ​ហាត់​យុទ្ធ​ដំណើរ​ទ័ព ដោយ​ថ្មើរជើង ចម្ងាយ ៩​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ឧបសគ្គ ធម្មជាតិ​មួយ​ចំនួន ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ​យុទ្ធវិធី​របស់​កងទ័ព ឱ្យ​កាន់តែ​រឹង​មាំ​នោះ​។

លោក​វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការ​ស្តីទី កងពល បាន​មាន​ប្រសាសន៍ បញ្ជាក់​ថា ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ គឺជា​ឱកាស​សម្រាប់​កងទ័ព​ធ្វើការ​ហ្វឹកហ្វឺន ពង្រឹងសមត្ថភាព​ជំនាញ​យុទ្ធវិធី កងទ័ព​ឱ្យ​បាន ស្ទាត់ជំនាញ ធានា​បាន​ទាំង​បរិមាណ គុណភាព និង​ឆន្ទៈ មនសិការ ស្នេហា​ជាតិ ក្នុង​ការ អនុវត្ត​តួនាទី ភារកិច្ច​របស់​កងទ័ព ដែល​ជា​ខឿន​ការពារ​ជាតិ ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី សុខ​សន្តិភាព សណ្តាប់ធ្នាប់​សង្គម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​។

លោក​មេបញ្ជាការ​ស្តីទី កងពល​បាន​បញ្ជាក់​ទៀត​ថា ការ​ហ្វឹកហ្វឺន​កងទ័ព ជា​វិស័យ​អាទិភាព​មួយ នៃ​ការ​កែទម្រង់ របស់​កង​យោធពលខេមរភូមិន្ទ សំដៅ​ធ្វើ​ទំនើប​កម្ម និង​បង្កើន​សមត្ថភាព ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិភាព ការពារ​រាជរដ្ឋាភិបាល ស្របច្បាប់ ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព មិន​អនុញ្ញាត ឱ្យ​ជន​ណា ឬ​ក្រុម​ណា​មក​បំផ្លាញ​សុខ​សន្តិភាព​បាន​ឡើយ ត្រូវ​រក្សា​សាមគ្គីភាព និង​ស្មោះត្រង់ ជា​និច្ច​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល គាំទ្រ​រាជរដ្ឋាភិបាល​គ្រប់ពេលវេលា យើង​មាន​សន្តិភាព​មក​ដល់​ពេល​នេះ ដោយ​ការ​សាមគ្គីភាព ឯកភាព​គ្នា និង​ការ​ស្មោះត្រង់ និង​ត្រូវ​ពង្រឹងពង្រីក ការងារ​ការ​កសាង​ធនធានមនុស្ស និង​ការ​កសាង​អង្គភាព​របស់​ខ្លួន​ឱ្យ កាន់តែ​រីក​ចម្រើន ថែម​ទៀត​នោះ​។

ក្រៅពី​ការងារ​ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព កងកម្លាំង​នៅ​តាម​បណ្តា​កងឯកភាព​ត្រូវ បាន​ត្រៀម​អន្តរាគមន៍ ២៤​ម៉ោង​លើ​២៤​ម៉ោង មាន​ទាំង​សម្ភារ មធ្យោបាយ សម្រាប់​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេង​ៗ​ឱ្យ​បាន​ទាន់​ពេលវេលា ផង​ដែរ​៕

ប្រភព៖ AKP