ភ្នំពេញ៖ កម្ពុជាបាននាំយករូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈ និងផ្កាអ័រគីដេ ដើម្បី ចូលរួមដាក់តាំងពិព័រណ៍ផ្កាអ័រគីដេនៃអង្គរវត្ត(Orchids of Angkor Wat) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានមាត់សមុទ្រ(The Gardens by the Bay)ក្នុងប្រទេសសិង្ហបុរី។
ពិធីនេះ គេឃើញមានការចូលរួមពីសំណាក់ស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងឯកឧត្តម Eric Chua រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។
ស្ថានទូកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានឱ្យដឹងថាព្រឹត្តិការណ៍នេះត្រូវបានគេ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញ ប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសប្រទេសកម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។
ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរ ក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្ត ជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២។
ជាមួយគ្នានេះ គេសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរនៅ The Garden by the Bay ហើយក៏នឹងមានភ្ញៀវទេសចរជាច្រើនទៀត នឹងមកទស្សនា ប្រាសាទអង្គរវត្តពិតរបស់កម្ពុជា។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការតាំងពិព័រណ៍នេះ សហការរៀបចំឡើងដោយស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរី និង The Garden by the Bay និងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសិល្បៈនៃប្រទេសកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេសកម្ពុជា ក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួង អភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលី។ ការតាំងពិព័រណ៍នេះដែរ នឹងបន្តវត្តមាន នៅទីនេះរយៈពេល៤ខែ គឺរហូតដល់ថ្ងៃទី០៨ ខែកញ្ញា ទើបបញ្ចប់ទៅវិញ៕
ប្រភព៖ AKP