កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រងនិងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការ ផ្នែកសឹករងស្ទឹងសែន បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពអនុវត្តន៍បទបញ្ជា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនិងផែនការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ក្នុងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅតំបន់ខ្ទុមមួយដើម ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោងឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤។
លោក ឆូយ កុសល់ អភិបាលរងក្រុងស្ទឹងសែន និងជាប្រធានទីបញ្ជាការ ស្រាលប្រចាំទិសខ្ទុមមួយដើមនិងតំបន់គោកព្រះបានរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួនស្ដីពីការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលនិងផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កងកម្លាំងចម្រុះ គ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធ បានចេញធ្វើសកម្មភាពល្បាតក្នុង ភូមិសាស្ត្រទទួល ខុសត្រូវជាប់ជាប្រចាំ ដោយបានធ្វើការផ្សព្វផ្សាយជូន ប្រជាពលរដ្ឋកុំឱ្យមានការរំលោភ បំពានជាថ្មី ហើយជាលទ្ធផលក្នុងរយៈពេល អនុវត្តន៍ភារកិច្ចកន្លងទៅនេះ មិនមានប្រជាពលរដ្ឋធ្វើសកម្មភាពកាប់ រៀនទន្ទ្រានជាថ្មីទៀតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរដល់ កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ក្នុង បុព្វហេតុការពារគ្រប់គ្រងធនធានធម្មជាតិតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និង ផែនការប្រើប្រាស់កម្លាំងសរុបបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ធំទទួលបានជោគជ័យគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវអនុវត្តន៍ ដោយត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយជូនប្រជាជនឱ្យបានយល់ជ្រួលជ្រាប កុំឱ្យពួកគាត់ មានការកាប់ទន្ទ្រានយកដីរដ្ឋជាថ្មី នាំឱ្យប្រឈមមុខចំពោះផ្លូវច្បាប់ ដោយមិនមាន ការលើកលែងឡើយ ហើយជាមួយនោះដែរ កងកម្លាំងសរុបទាំងអស់ ត្រូវការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន នូវការកាប់ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ជាដាច់ខាត។
នៅក្នុងឱកាសត្រួតពិនិត្យសកម្មភាពការងារនេះ ឧត្តមសេនីយ៍ សោម ស៊ុន បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនជូនដល់កម្លាំង សរុបដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់៣នេះផងដែរ៕
ប្រភព៖ AKP