ក្រសួងបរិស្ថាន នឹងបង្កើតប្រព័ន្ធអែប(APP) ជាកម្មវិធីទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំ

0

ភ្នំពេញ៖ ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ការ​ដាំ​ដើ​ឈើ និង​ក៏​ដូច​ជា ចូលរួម​ភាព​បៃតង​ក្នុង​ប្រទេស​នោះ ក្រសួងបរិស្ថាន​គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​អែប (APP) ជា​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ឱ្យ​ពលរដ្ឋ​តាមដាន​ដើមឈើ​ដែល​ខ្លួន​បាន​ដាំ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​ថា ”​ក្រសួងបរិស្ថាន នឹង​ធ្វើការ​អភិវឌ្ឍ​ប្រព័ន្ធ​អែប​ទូរស័ព្ទ​ដៃ​មួយទៀត​។ សម្រាប់​អែប​នេះ គឺ​កាលណា បងប្អូន​យើង​ដាំ​ដើមឈើ​គាត់​នឹង​ដាក់​ឈ្មោះ​ដើមឈើ​នោះ​។

ក្នុង​នេះ បើកាលណា​ដាក់​ឈ្មោះ​ដើមឈើ​ហ្នឹង​ជា​ភាសា​ខ្មែរ ចេញ​ជា​ភាសា​អង់គ្លេស និង​បើ​ដាក់​ឈ្មោះ​អង់គ្លេស ចេញ​ជា​ខ្មែរ​។ ដើមឈើ​ហ្នឹង​នៅ​ជាប់​ក្នុង​អែប ឆ្នាំ​ក្រោយ​ឆែក មើល​ដើមឈើ​ហ្នឹង​ធំ​ប៉ុនណា ឆ្នាំ​ក្រោយ​ទៀត​ឆែក​មើលឃើញ​ដើមឈើ​ហ្នឹង​ប៉ុនណា​ទៀត​។ វា​ធំ​ប៉ុនណា​វា​នឹង​នៅ​ក្នុង​ទូរស័ព្ទ​ហ្នឹង​រហូត​ហើយ​។ ពិសេស​ក្នុង​ទូរស័ព្ទ​ហ្នឹង​អាច​ជជែក​ពិភាក្សា​ថា​ដើមឈើ​ហ្នឹង​ត្រូវ​ថែរក្សា​របៀប​ម៉េច ក្នុង​នេះ​ដូច​ជាដើម​ឈើ​អ្នកធំ​លឿន​ម្ល៉េះ និង​ដើមឈើ​អ្នកតូច​ម្ល៉េះ យើង​អាច​ពិភាក្សា​គ្នា​ក្នុង​ហ្នឹង​បាន​ទាំងអស់​”​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន ពន្យល់​ដែរ​ថា ”​ពាក្យ​ថា​អែប​ហ្នឹង​ជា​ហ្វេ​ស​ប៊ុ​ក របស់​កម្ពុជា​យើង​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​ដាំ​ដើមឈើ​នៅ​កម្ពុជា សម្រាប់​ជំរុញ​ការ​ទាក់ទាញ ការ​ចូល​ចិត្ត ការ​ស្រឡាញ់​ពេញចិត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​តែ​ម្តង​”​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​ថ្លែង​ដោយ​បញ្ជាក់​បន្ថែម​ថា​៖ ”​អែប​ហ្នឹង​ខ្ញុំ​សង្ឃឹមថា​នៅ​ចុងខែ​នេះ​នឹង​ធ្វើ​រួច​ហើយ​។ តាម​ពិត​ធ្វើ​រួច​ហើយ ប៉ុន្តែ​ស្ថិត​នៅ ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​នៅឡើយ​”​។

គួរ​បញ្ជាក់​ថា ក្រៅពី​ការ​បង្កើត​អែប​សម្រាប់​ពលរដ្ឋ​ដាំ​ដើមឈើ​នេះ​ក្រសួងបរិស្ថាន ក៏​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​អែប​(APP) ជា​កម្មវិធី​ទូរស័ព្ទ​ដែល​អាច​ឱ្យ​ដឹង ពី​តំបន់​អភិរក្ស​ការពារ​ធនធានធម្មជាតិ ដោយ​មិន​គ​ម្បី​កាប់​បំផ្លាញ​ឬ​ឈូស​ឆាយ​មក ធ្វើ​ជា​សកម្មភាព​ផ្ទាល់ខ្លួន​នោះ​ជា​ដាច់ខាត​។ ក្រៅពី​នេះ​ក្រសួង​ក៏​គ្រោង​នឹង​ទិញ​ដ្រូ​ន សម្រាប់​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រើប្រាស់​ក្នុង​ដែនដី​របស់​ខ្លួន​សម្រាប់​មើល ពី​ស្ថានភាព​បទ ល្មើស​នានា​ផង​ដែរ​៕

ប្រភព៖ AKP