កម្ពុជា និងម៉ាឡេស៊ី ជួបពិភាក្សាការងារលើកិច្ចការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

0

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ជំនួបនាព្រឹកនេះ បានធ្វើឡើងក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។

តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកដែលមានស្រាប់នៅកម្ពុជា ការដឹកជញ្ជូនតាមផ្លូវទឹក និងការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពិសេសលើជំនាញផ្លូវដែក តាមរយៈការបញ្ជូនមន្ត្រីរាជការទៅចូលរួមវគ្គបណ្តុះបណ្តាលនានា នៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្តល់កិត្តយស អញ្ជើញប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រីរាជការ នៃនាយកដ្ឋានផ្លូវដែក ចំនួន ០៤រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសំណង់ផ្លូវដែក នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន