ឯកឧត្ដម នេត្រ ភក្ដ្រា អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម

0

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន រួម​នឹង​ក្រុម​អ្នក​ផលិត​មាតិកា​និង​រក​ប្រាក់​តាម​អន​ឡាញ (MMO) ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ ក៏​ដូច​ជា​ចែករំលែក​នូវ​រូបភាព​ឃាតកម្ម រូបភាព​ហិង្សា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តិកតុក និង​ប្រព័ន្ធ​តេ​ឡេ​ក្រាម ជាដើម ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​ផ្សាយ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី នា​រសៀល​ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ ២០២៤ ។

យោង​តាម​ខ្លឹមសារ​នៅ​ក្នុង​សំ​ណេ​រ​របស់ ឯកឧត្ដម នេត្រ ភក្ដ្រា បានឱ្យ​ឃើញ​ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ មាន​អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ត​ញ​សង្គម​មួយ​ចំនួន​រួម​នឹង​ក្រុម​អ្នក​ផលិត​មាតិកា និង​រក​ប្រាក់​តាម​អន​ឡាញ (MMO) បាន​ផ្សព្វផ្សាយ និង​ចែករំលែក​នូវ​រូបភាព​ឃាតកម្ម រូបភាព​ហិង្សា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តិកតុក និង​ប្រព័ន្ធ​តេ​ឡេ​ក្រាម ។ ដូច្នេះ​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​អំពាវនាវ​និង​ស្នើ​សុំ បញ្ឈប់​ការ​ផ្សព្វផ្សាយ​នូវ​រូបភាព​ហិង្សា​ទាំងនេះ ព្រោះ​វា​ប៉ះពាល់​កិត្តិយស​នៃ​សព និង​ដល់​ផ្លូវចិត្ត​និង​អារម្មណ៍​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ទទួល​រង​ភាព​ឈឺចាប់ និង​ការ​បាត់បង់​សមាជិកគ្រួសារ​ជាទី​ស្រឡាញ់​របស់​ខ្លួន​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា “​សកម្មភាព​ខាងលើ បាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ផ្លូវចិត្ត​និង​អារម្មណ៍​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង​ទៀត ជា​ពិសេស​យុវជន​និង​កុមារ ករណី​ពួក​គាត់​បាន​ប្រទះ​ឃើញ​រូបភាព​ទាំងនេះ​។ ដើម្បី​គោរព​ដល់​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​និង​ជន​រង​គ្រោះ បងប្អូន​អាច​ចែករំលែក​រូបភាព​ដែល​មិន​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ និង​ឯកជន​ភាព​របស់​ជន​រង​គ្រោះ ឬ​ធ្វើ​ឱ្យ​រូបភាព​នោះ​ប្ល័​រ (​រូប​មិន​ច្បាស់​) មុន​នឹង​ផ្សព្វផ្សាយ និង​ចែករំលែក​។ ធ្វើ​ដូច្នេះ គឺ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង និង​គោរព​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រង​គ្រោះ​ផង​”​។

ជា​ចុង​ក្រោយ​ឯកឧត្ដម នេត្រ ភក្ដ្រា បាន​បញ្ជាក់​នៅ​ក្នុង​សំ​ណេ​រ​នេះ​ថា ឯកឧត្ដម​សង្ឃឹម​និង​ជឿជាក់​ថា​បងប្អូន​អ្នក​សារព័ត៌មាន អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រុម​អ្នក​ផលិត​មាតិកា​មួយ​ចំនួន​លើក​តម្លៃ​ខ្ពស់​ក្នុង​ការ​គោរព​ក្រមសីលធម៌ និង​អនុវត្ត​តាម​ស្តង់ដារ​ប្រតិបត្តិ​នៃ​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​សង្គម និង​គោរព​ឯកជន​ភាព​របស់​បុគ្គល ៕

ប្រភព៖ ក្រសួងព័ត៌មាន