សម្ដេចតេជោ ហ៊ុន សែន អំណរគុណដល់សាធារណរដ្ឋឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយម្រាប់អភិវឌ្ឍន៍កម្ពុជា

0

ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ឆែក​ដែល​បាន​លុប​បំណុល និង​ប្រែក្លាយ​បំណុល​សេសសល់​ទៅ​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ហើយ​ឆែក​ក៏​នៅ​បន្ត​ផ្ដល់​ជំនួយ​ជា​បន្ត​ទៀត​លើ​វិស័យ​សុខាភិបាល អប់រំ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ជា​ពិសេស​គឺ​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក​ជា​បន្តបន្ទាប់​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង បន្ទាប់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​២០ ខែឧសភា ឆ្នាំ នៅ​វិមាន​ព្រឹទ្ធសភា​។

ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា បាន​ស្វាគមន៍​និង​សម្ដែង​សេចក្ដី​រីករាយ​ដែល​បាន​ជួប​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ក្នុង​តួនាទី​ថ្មី​របស់​សម្ដេច​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេល​នេះ ហើយ​សម្ដេច​តេ​ជោ​សង្ឃឹមថា ឯកឧត្ដម ឯកអគ្គរដ្ឋទូត នឹង​បន្ត​ខិតខំ​ដើម្បី​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការ​ត្រេកអរ ដែល​បាន​ចូល​ជួប​សម្ដេច​នៅ​ពេល​នេះ ហើយ​ក៏​សូម​អបអរសាទរ​សម្ដេច​តេ​ជោ ដែល​ទទួល​បាន​តួនាទី​ថ្មី​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​តួនាទី​ខ្ពស់​ជាង​មុន​។ ឯកឧត្តម ក៏​បាន​លើក​ឡើង​ថា​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​សម្ដេច​តេ​ជោ ជា​នាយក​រដ្ឋមន្ត្រី បាន​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ជំនួយ​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល​។ ទន្ទឹម​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ប្ដេជ្ញា​នឹង​បន្ត​ខិតខំ​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​តុល្យភាព​នៅឡើយ ដោយ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​សាធារណរដ្ឋ​ឆែក​គឺ​មាន​ទំហំ​ស្ទើរតែ​លើស​មួយ ១០០​រយ​ដង​នៃ​ការ​នាំ​ចូល​ពី​ឆែក​មក​កម្ពុជា​វិញ​។ ដូច្នេះ​ឯកឧត្ដម​នឹង​ខិតខំ​ឱ្យ​មានការ​នាំ​ចូល​ទំនិញ​ច្រើន​បន្ថែម​ទៀត​ពី​ឆែក​មក​កម្ពុជា ដើម្បី​ឱ្យ​មាន​តុល្យភាព​តាម​រយៈ​ការ​នាំ​អ្នក​វិនិយោគ​ថ្មី​ៗ​មក​កម្ពុជា​បន្ថែម​ទៀត​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ក្នុង​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា សម្ដេច​បាន​កំណត់​លើក​ស្ទួយ​ការទូត​សភា​ជា​អាទិភាព​មួយ​របស់​ព្រឹទ្ធសភា​ក្នុង​អាណិត​ថ្មី​នេះ ដោយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា​។ ក្នុង​ស្មារតី​នេះ ព្រឹទ្ធសភា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ឯកអគ្គរដ្ឋទូត​ឆែក ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។ ក្នុង​ទាក់ទង​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​ឆែក សម្ដេច​តេ​ជោ​បាន​សម្ដែង​ការ​ពេញចិត្ត ដោយ​ចាប់តាំងពី​ឆ្នាំ ១៩៩៧ ជា​ហូរហែ​មក ទោះបី​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​ត្រូវ​បាន​បែងចែក​ជា​ពីរ ហើយ​ស្ថានភាព​នយោបាយ​កម្ពុជា​មាន​ភាព​ប្រែប្រួល​យ៉ាងណា ក៏​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត ដោយ សម្ដេច​បាន​លើក​ឡើង​ថា សម្ដេច​គឺ​មាន​ទំនាក់ទំនង​យ៉ាង​ចិត្ត​ស្និទ្ធ​ជាមួយនឹង​មេដឹកនាំ​នៃ​សាធារណរដ្ឋ​ឆែក​ជា​បន្តបន្ទាប់​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ស្ទូ​យ​ការទូត​សភា​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​សម្ដេច​ថា ឯកឧត្តម​នឹង​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដើម្បី​ឱ្យ​គណៈប្រតិភូ​សភា​សាធារណរដ្ឋ​ឆែក មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​កំឡុង​នៃ​ចុងឆ្នាំ​នេះ​។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​ក៏​បាន​អរគុណ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ដែល​នឹង​ជួយ​រៀបចំ​ឱ្យ​មាន​ទស្សនកិច្ច​សភា​ឆែក​មក​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ​។ សម្ដេច​តេ​ជោ ក៏​បាន​ផ្ដល់​អនុសាសន៍​គួរ​ពិនិត្យ​មើល​នូវ​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​អាច​ជា​ការ​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត​គ្នា ក៏​ដូច​ជា​ការ​ជំរុញ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕

ប្រភព៖ AKP