កសិករក្នុងខេត្តព្រះសីហនុ កំពុងមមាញឹកក្នុងការបង្កបង្កើនផលដំណាំស្រូវរដូវវស្សា អនុវត្តន៍បានចំនួន ៦ ៤៥៧ហិកតា ស្មើនឹង ៤៨,៥៥ភាគរយ

0

ព្រះសីហនុ៖ តាម​ការ​ឱ្យ​ដឹង​ពី​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម និង​ការិយាល័យ​ក្សេ​ត​សាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ការ​ចុះ​ស្រង់​ទិន្នន័យ នៃ​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា គិត​ត្រឹម​ថ្ងៃអាទិត្យ ១២​កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤​នេះ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ កសិករ​កំពុង​មមាញឹក​ក្នុង​ការ​ភ្ជួរ​រាស់​ស្រូវ​រដូវវស្សា​អនុវត្តន៍ បាន​ចំនួន ៦ ៤៥៧​ហិ​កតា ស្មើនឹង ៤៨,៥៥​ភាគរយ និង​ការងារ​ព្រោះស្រូវ​អនុវត្តន៍​បាន​ចំនួន ៥ ១៨៥​ហិ​កតា ស្មើនឹង ៣៨,៩៨​ភាគរយ នៃ​ផែនការ​ឆ្នាំ​សរុប​ចំនួន ១៣ ៣០០​ហិ​កតា​។

ដោយឡែក​ស្រុក​ព្រៃ​នប់ ការងារ​ភ្ជួរ​រាស់​អនុវត្ត​បាន​ចំនួន ៦ ២៦០​ហិ​កតា ស្មើនឹង ៥៤,២៥​ភាគរយ និង​ព្រោះ​អនុវត្តន៍​បាន ៥ ១៣៨​ហិ​កតា ស្មើនឹង ៤៤,៥២​ភាគរយ នៃ​ផែនការ​សរុប​ចំនួន ១១ ៥៤០​ហិ​កតា​។

ស្រុក​កំពង់​សិលា ការងារ​ភ្ជូ​រ​រាស់​អនុវត្តន៍​បាន​ចំនួន ១៩៧​ហិ​កតា ស្មើនឹង ១១,១៧​ភាគ រយ និង​ព្រោះស្រូវ​អនុវត្តន៍​បាន​ចំនួន ៤៧​ហិ​កតា ស្មើនឹង ២,៦៧​ហិ​កតា នៃ​ផែនការ​សរុប ១ ៧៦០​ហិ​កតា​។

បច្ចុប្បន្ន​ការងារ​ភ្ជួរ​រាស់ សាបព្រោះ​ស្រូវ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ប្រើប្រាស់ ឧបករណ៍​ទំនើប​គ្រឿងយន្ត​កសិកម្ម មាន​ដូច​ជា ត្រាក់ទ័រ គោ​យន្ត​ជាដើម ហើយ​ចំពោះ​ការ ភ្ជួរ​រាស់​តាម​បែប​បុរាណ​ដោយ​ប្រើប្រាស់​ដោយ​គោ ក្របី សឹងតែ​មិន​មាន សកម្មភាព​នោះ​ទេ ម្យ៉ាងទៀត​ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្វះ​កម្លាំង​ពលកម្ម ដោយសារ​តែ​កូន ចៅ​របស់​ពួក​គាត់ ចេញ​ទៅ​បម្រើ​ការងារ​នៅ​តាម​ទីប្រជុំជន​មាន​ដូច​ជា រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា​។​ល​។

សូម​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុង​ពីរ និង​ស្រុក​៣ ហើយ​ស្រុក​ចំនួន​ពីរ មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ដូច​ជា ស្រុក​ព្រៃ​នប់ និង​ស្រុក​កំពង់​សិលា ហើយ​ក្រុង ស្រុក​ចំនួន​៣ ផ្សេង​ទៀត មិន​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​នោះ​ទេ​។ ទន្ទឹម​នឹង​ការងារ​បង្ក បង្កើន​ផល​ស្រូវ​រដូវវស្សា ខេត្ត​ព្រះ​សីហ​នុ ក៏​មិន​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​នោះ​ដែរ ដោយសារ​កង្វះ​ប្រភព​ទឹក​នៅ​រដូវប្រាំង​៕

ប្រភព៖ AKP