ភ្នំពេញ៖ អង្គការ Sansom Mlup Prey និងអង្គការអុកស្វាម តាមរយៈគម្រោងបង្កើតការងារ ជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច (EU-CAPFISH-FOSTERLot1) ដែលមានការគាំទ្រដោយសហភាពអឺរ៉ុប(European Union in Cambodia) បានជួយដល់កសិករសមាជិកគម្រោងស្ដង់ដារផលិតកម្មស្រូវនិរន្ដភាព(SRP) ក្នុងខេត្ដ សៀមរាប។ នេះជាការបញ្ជាក់របស់អង្គការ Sansom Mlup Prey នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
អ្នកមីង សៀង ង៉ុច កសិករសមាជិកគម្រោងស្ដង់ដារផលិតកម្មស្រូវនិរន្ដភាព SRP បានឱ្យដឹងថា ការដាំដុះបន្លែលើធ្នើរបានជួយសម្រួលជីវភាពគ្រួសារអ្នកមីងបានច្រើន។ អ្នកមីងអាចរកប្រាក់ចំណូលបន្ថែមពីការលក់បន្លែ ពី៤ម៉ឺនរៀល ទៅ ៦ម៉ឺនរៀល ក្នុងមួយថ្ងៃ នារដូវប្រាំងនេះ។ សម្រាប់បន្លែរបស់អ្នកមីង គឺមានគេមកទិញដល់កន្លែងមិនពិបាករក ទីផ្សារនោះទេ។ អ្នកមីងបានបន្ថែមថា ការដាំបន្លែនៅលើធ្នើរនេះ អាចឱ្យអ្នកមីងដាំបាន ពេញមួយឆ្នាំមិនថារដូវប្រាំង ឬក៏វស្សានោះទេ។
ដោយមានការផ្ដល់នូវធ្នើរដាំបន្លែ និងបច្ចេកទេសដាំបន្លែ ដែលជួយឱ្យកសិករ សមាជិកគម្រោងស្ដង់ដារផលិតកម្មស្រូវនិរន្ដភាព SRP អាចដាំដុះបន្លែស្លឹកគ្រប់ប្រភេទ ដែលអាចរកប្រាក់ចំណូលបន្ថែម បន្ទាប់ពីដំណាំស្រូវយ៉ាងច្រើនគួរសមដែរ៕
ប្រភព៖ AKP