សៀមរាប៖ តំបន់រមណីយដ្ឋានអង្គរ មានតំបន់ទស្សនាកម្សាន្តដ៏សម្បូរបែប ទាំងផ្នែកប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ដែលធ្វើឱ្យភ្ញៀវទេសចរមានការប្លែកភ្នែក ប្លែកអារម្មណ៍ និងមានកន្លែងទស្សនាថ្ងៃរះ ថ្ងៃលិច ជាច្រើនកន្លែងផងដែរ។ ជាមួយគ្នានេះ រមណីយដ្ឋានបារាយណ៍ទឹកថ្លា ដែលកន្លងមកជាកន្លែងកម្សាន្តមួយដ៏មានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរមកលេងទឹកត្រជាក់កាយនោះ ឥឡូវនេះបានក្លាយជាកន្លែងទស្សនាថ្ងៃលិចដ៏ពេញបន្ថែមទៀត ដែលទីតាំងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនេះ ស្ថិតនៅប៉ែកខាងកើតឆៀងខាងត្បូង ជាប់នឹងវត្តបារាយមហានទីរតនារាម ហៅ វត្តស្វាយរមៀត ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ភ្ញៀវទេសចរដែលបាននៅកម្សាន្តនៅតំបន់នេះ បានលើកឡើងស្រដៀងៗគ្នាថា នៅរមណីយដ្ឋានបារាយណ៍ទឹកថ្លានេះ កន្លងមកពួកមកកម្សាន្តតែពេលថ្ងៃ ដោយសំដៅមកតែទទួលទានអាហារ លេងទឹក ទស្សនាផ្ទៃទឹកដ៏ធំល្វឹងល្វើយ ស្រូបយកខ្យល់បរិសុទ្ធ លំហែកាយតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ មានការចាប់អារម្មណ៍ និងកំពុងតែពេញនិយមបន្ថែមទៀតនោះ គឺការមកទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនៅពេលល្ងាច ដែលរឹតតែធ្វើឱ្យភ្ញៀវទេសចរមានការពេញចិត្ត ព្រោះពេលល្ងាចខ្យល់អាកាសត្រជាក់ស្រួល មានផាសុខភាព មានអារម្មណ៍ល្អ ជាពិសេសនៅពេលថ្ងៃរៀបលិច ចាំងពណ៌មាស មកលើផ្ទៃទឹកពិតជាស្រស់ស្អាត។
ទន្ទឹមនឹងភាពស្រស់ស្អាតទាំងនេះ អ្វីសំខាន់ដែលចូលរួមធ្វើនោះ គឺយើងត្រូវចូលរួមថែរក្សាកេរដំណែលដូនតារបស់យើងឱ្យបានល្អ ពេលទទួលទាន់អាហារនៅទីនេះរួច ត្រូវជួយគ្នាប្រមូលយកសំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវយកទៅដាក់កន្លែងសំរាមវិញផង ដើម្បីរមណីយដ្ឋានស្អាត។
សូមបញ្ជាក់ថា ទិដ្ឋភាពនៅបារាយណ៍ខាងលិច មានលក្ខណៈពិសេសខុសពីកន្លែងផ្សេង ព្រោះថាយើងឃើញទាំងវាលស្រែ ទាំងដើមឈើ ផ្ទៃទឹក និងព្រះអាទិត្យ។ ទិដ្ឋភាពនៅទីនោះ មានលក្ខណៈពិសេសដាច់ពីគេ។ នៅកណ្ដាលបារាយណ៍នេះ មានប្រាសាទមេបុណ្យខាងលិច ដែលត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ នៅឆ្នាំ១៩៣៦ គេបានរកឃើញរូបចម្លាក់ព្រះនរាយណ៍ផ្គុំធ្វើអំពីសំរឹទ្ធ ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ប្រាសាទដែលនៅក្នុងបារាយណ៍ដ៏ធំនេះ នឹងទាក់ទាញទេសចរកាន់តែច្រើន។ ទេសចរ អាចជិះទូកទៅទស្សនាប្រាសាទបុរាណនេះទាំងខែប្រាំង និងខែវស្សា៕
ប្រភព៖ AKP