ខេត្តបាត់ដំបង មានរោងម៉ាស៊ីនកិនស្រូវខ្នាតធំតាមស្តង់ដារ សម្រាប់ផលិតអង្ករនាំចេញទៅ​ក្រៅប្រទេសមានចំនួន

0

បាត់ដំបង៖ មន្ត្រី​នៃ​មន្ទី​កសិកម្ម​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ទូ​ទាំង​ខេត្តបាត់ដំបង មាន​ម៉ាស៊ីនកិនស្រូវ​ចំនួន ៦៥៨​គ្រឿង ក្នុង​នោះ​ខ្នាត​ធំ​តាម​ស្តង់ដារ​សម្រាប់​ផលិត​ជា​អង្ករ នាំ​ចេញ​ទៅ​ក្រៅប្រទេស​មាន​ចំនួន ១១៤​គ្រឿង ខ្នាត​មធ្យម​មាន​ចំនួន ២៦១​គ្រឿង និង​ខ្នាត​តូច​មាន ២៨៣​គ្រឿង ហើយ​ក្នុង​នោះ​មាន​ឡ​ស​ម្ងួ​ត​ស្រូវ​មាន​ចំនួន ៩៦ គ្រឿង​ផង​ដែរ​។

លោក ហេង សិទ្ធ មន្ត្រី​កសិកម្ម​ខេត្តបាត់ដំបង​បានដឹង​នៅ​ថ្ងៃ​ទី​១៥​ខែឧសភា ឆ្នាំ​២០២៤​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ខ្នាត​ធំ​ទូ​ទាំង​ខេត្តបាត់ដំបង​ជួប​បញ្ហា​ប្រឈម​ដោយ​ខ្វះ​ដើមទុន​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក ខណៈ​គ្រានោះ​ឡ​ស​ម្ងួ​ត​ស្រូវ ក៏​នៅ​មាន​កម្រិត​នៅឡើយ ដែល​ធ្វើ​ឱ្យ​សង្វា​ក់​ផលិតកម្ម​ដើរ​យឺត រហូត​ដល់​ចុងឆ្នាំ​២០២៣ រោង​ម៉ាស៊ីន​ខ្នាត​ធំ​ក្នុង​ខេត្ត​ទាំង​១១៤​គ្រឿង បាន​ដំណើរការ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ចន្លោះ​ពី ៧០-៩០ ភាគរយ​នៃ​សង្វា​ក់​ផលិតកម្ម​។

ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​មា​នទី​តាំងនៅ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង លោក ហេង ផេង បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មានការ​ខ្វះខាត​ឃ្លាំង​ស្តុក​និង​ឡ​ស​ម្ងួ​ត​ស្រូវ ស្រប​ពេល​ដែល​កសិករ​សម្រុក​ច្រូត​ព្រម​គ្នា​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ចុះថោក​ខ្លាំង​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ដោយសារ​ការ​ផ្តល់​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ជួយ​គាំទ្រ​ឱ្យ​បាន​ដំណើរការ​ល្អ​ឡើង​វិញ​។

លោក​បន្ត​ថា ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​លែង​ជា​បញ្ហា​ទៀត​ហើយ ប៉ុន្តែ​កសិករ និង​ឈ្មួញ​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​គឺ​ថ្លៃដើម​ផលិត​កើនឡើង​ទៅ​តាម​ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ឡើងថ្លៃ​ជាដើម​។ ម្ចាស់​រោង​ម៉ា​ស៊ី ន​ខ្នាត​ស្តងដារ​ក៏​ត្រូវការ​ទុន​បន្ថែម​នៅ​រដូវ​ប្រមូល​ផល​ដែរ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​មក​ស្តុក​ទុក​សម្រាប់​ផលិត​ជា​អង្ករ​នាំ​ចេញ​។

ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​រូប​នេះ ក៏​បង្ហាញ​នូវ​ការ​សប្បាយចិត្ត ទៅ​នឹង​ការ​ដាក់​ចេញ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទម្លាក់​កញ្ចប់​ថវិកា ១០០ លាន​ដុល្លារ សម្រាប់​ត្រៀម​ក្នុង​ការ​ជួយ​ប្រមូល​ទិញ​កសិផល​ជា​ពិសេស​ស្រូវ​ពី​កសិករ​កន្លង​មក ហើយ​តាម​រយៈ​គោលនយោបាយ​នេះ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ អាច​នឹង​ទទួល​បាន​ទុន​បន្ថែម​សម្រាប់ ប្រើប្រាស់​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​សម្រាប់​ស្តុក ដើម្បី​កុំឱ្យ​ស្រូវ​ដែល​បាន​ផលិត​ហូរ​ចេញ​ទៅ​ក្រៅប្រទេស​ច្រើន​ពេក​ជា​ពិសេស​ប្រទេស​ជិតខាង នាំ​ឱ្យ​កម្ពុជា​បាត់ លទ្ធភាព​នាំ​ចេញ​។

បើ​តាម​របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាលពី​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ​ជាង ៦៥ ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ជាង ៤៦៦ លាន​ដុល្លារ​។ កម្ពុជា​ក៏ បាន​នាំ​ចេញ​ស្រូវ​ជាង ៤ លាន​តោន​សរុប​ជា​ទឹកប្រាក់​ជាង ១,៣ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ចិន និង​សហភាព​អឺរ៉ុប ជាទី​ផ្សារ​ធំ​ជាងគេ​នៃ​អង្ករ​កម្ពុជា​។

ដោយឡែក ក្នុង​រយៈពេល ៤ ខែ​ដំបូង​ឆ្នាំ ២០២៤ កម្ពុជា​រក​ចំណូល ពី​ការ​នាំ​ចេញ ស្រូវ​និង​អង្ករ​សរុប​ជាង ៨៧០ លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​ការ​នាំ ចេញ​អង្ករ​គ្រប់​ប្រភេទ​បាន​ចំនួន ២៤ ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​រក​ចំណូល​បាន ១៧០ លាន​ដុល្លារ​អាម៉េរិក និង​នាំ​ចេញ​ស្រូវ​សរុប​បាន​ចំនួន​ជាង ២ លាន ៤ សែន​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជិត ៧០០ លាន​ដុល្លារ​អាម៉េរិក​៕

ប្រភព៖ AKP