ក្រសួងអប់រំ អំពាវនាវដល់សប្បុរសជន សុំជួយឧបត្ថម្ភសម្រាប់ជារង្វាន់លើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស ក្នុងការប្រឡងផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា

0

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង ប្រទេស​លើក​ទី​២៨ សម័យ​ប្រឡង​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ នា​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ី​ម សន្ធរ​ម៉ុ​ក រាជធានី​ភ្នំពេញ ដែល​ជា​ការ​ប្រឡង​ដើម្បី​ជ្រើសរើស​ជ័យ លា​ភី​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ លើ​មុខ​វិជ្ជា អក្សរសិល្ប៍​ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យា ដែល​មាន​បេក្ខជន​មក​ចូលរួម​ប្រឡង​ចំនួន ២៤០​នាក់ ក្នុង​នោះ​ស្រី ១២៧​នាក់ ហើយ​ចំពោះ​ការ​ប្រកាស​លទ្ធផល និង​ការ​ប្រគល់​មេដាយ សម្ភារ និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ ខាង​មុខ​។

បើ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ចំពោះ​ជ័យ​លា​ភី​ម្នាក់​ៗ នឹង​ត្រូវ​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ​ទៅ​តាម​ចំណាត់ថ្នាក់​នូវ​ថវិកា និង​សម្ភារ​ផ្សេង​ៗ​រួម​មាន​៖ ប្រកាស​ទទួលស្គាល់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស វិញ្ញាបនបត្រ​ជ័យ​លា​ភី​សិស្ស​ពូកែ មេដាយ មួយ​គ្រឿង​(​មាស ប្រាក់ និង​សំរឹទ្ធ ពី​លេខ​១ ដល់​លេខ​៣) ប្រាក់​រង្វាន់​តាម​ចំណាត់ថ្នាក់ និង​ប្រាក់​រង្វាន់ ឬ​វត្ថុ​ផ្សេង​ៗ​បន្ថែម​ទៀត​ពី​សប្បុរសជន ហើយ​ដើម្បី​ធ្វើ​ឱ្យ​ពិធី​នេះ​កាន់ តែ​អធិកអធម ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​អំពាវនាវ​ចំពោះ សម្តេច ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នក​នាង​កញ្ញា និង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ជា​សម្ភារ សម្រាប់​ជា​រង្វាន់​លើកទឹកចិត្ត​បន្ថែម​ដល់​ជ័យ​លា​ភី​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស និង គណៈកម្មការ​រៀបចំ សំដៅ​ជំរុញ​ចលនា​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឆ្នាំ​បន្តបន្ទាប់ ដោយ​សប្បុរសជន​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រឡង ចែក​វិញ្ញាបនបត្រ និង​រង្វាន់​ជ័យ​លា​ភី ដើម្បី​ទទួល​លិខិត​ថ្លែងអំណរគុណ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ចំពោះ​ថវិកា និង​សម្ភារ​សប្បុរសជន​អាច​ផ្ញើ ឬ​ប្រគល់​មក​នាយកដ្ឋាន​កិច្ចការ​ប្រឡង ស្ថិត​នៅ​អគារ​លេខ ១៦៩ មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ ទូរស័ព្ទ​លេខ ០១២ ៨៤៣ ៤៧៥ , ០៧៧ ៩៩៤ ២០០ និង ០១៧ ៩៤១ ៤១៩​។ ក្រសួង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​នឹង ទទួល​បាន​នូវ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ សម្តេច ឯកឧត្តម លោក​ជំទាវ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នក​នាង​កញ្ញា ទាំងអស់​ដោយ​ទឹកចិត្ត​សប្បុរស​ជាក់​ជា​មិន​ខាន​ឡើយ​។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ក្នុង​គោល បំណង​លើកកម្ពស់​គុណភាព​អប់រំ តាម​រយៈ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​មានចំណេះ​ដឹង និង​ជំនាញ​ប្រកបដោយ​សមត្ថភាព​ខ្ពស់ សំដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏​ដូច​ជា​កសាង សង្គម​ជាតិ​ឱ្យ​បាន​រឹង​មាំ ក្រសួង​អប់រំ យុវជន និង​កីឡា តែងតែ​រៀបចំ​ការ ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យា សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដោយនៅ​ឆ្នាំ​នេះ​ការ​ប្រឡង​បាន ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​វិទ្យាល័យ ជា​ស៊ី​ម សន្ធរ​ម៉ុ​ក រាជធានី​ភ្នំពេញ ហើយ​ពិធី​បិទ​ការ​ប្រឡង ចែក​វិញ្ញាបនបត្រ និង​រង្វាន់​ជ័យ​លា​ភី នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ នៅ​មណ្ឌល​ប្រឡង​នេះ​តែ​ម្តង​៕

ប្រភព៖ AKP

May be an image of text