សម្តេចធិបតី ប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ដើម្បីដោះស្រាយការងារជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា

0

ភ្នំពេញ៖ ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​ករណី​គម្រោង​របស់​អតីត​ឧកញ៉ា ឡេ​ង​ចាន់​ណា ដែល​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្ដេច​ធិ​បតី​,​សម្ដេច​ធិ​បតី​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សំណុំរឿង​ទាំងឡាយ​ដែល​កំពុង​ចាត់ការ​ដោយ​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ក្នុង​លិខិត​សិទ្ធិ​ប្រទាន​ថា សម្ដេច​សូម​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​អំពី​ចំណាត់ការ​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល និង​របស់​រូប​ខ្ញុំ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​។ ក្រោយ​ពេល​ដែល​ឃើញ​មាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អំពី​ករណី​ទាមទារ​សំណង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​វិនិយោគ​នៅ​លើ​គម្រោង ប្រ៊ី​លាន​ស៊ី​ធី នៅ​ខេត្តសៀមរាប របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា​, នៅ​ក្នុង​អំឡុង​ពាក់​កណ្តាលខែ​កុ​ម្ភះ​ឆ្នាំ​២០២៤ ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ ក៏​ដូច​ជា ជូន​ឧត្តម ប្រាក់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ក្រុម​ជំនួយការ​ច្បាប់​របស់ខ្ញុំ​ដើម្បី​ស្រាវជ្រាវ ក៏​ដូច​ជា​រិះរក​ដំណោះស្រាយ​លើ​ករណី​នេះ​។

តាម​ការ​ប្រគល់​ភារកិច្ច​, ឯកឧត្តម សាយ សំ​អាល់ បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ជូន​ប្រជាជន​វិញ ទៅ​តាម​លទ្ធភាព​ដែល​អាច​ទៅ​បាន និង​ទៅ​តាម​ជំហាន​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ ដំណោះស្រាយ​តាម​វិធី​នេះ ពុំ​អាច​ធ្វើ​ទៅ​បាន​។

ជាមួយ​គ្នា​នេះ​, សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណី​នេះ ហើយ​បាន​រក​ឃើញ​ថា គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន ប្រ៊ី​លាន​សី​ធី ពុំ​មាន​លក្ខណៈ​ដូច​ជា​គម្រោង​វិនិយោគ​អចលនទ្រព្យ​ផ្សេង​ទៀត ដែល​ជា​គម្រោង​វិនិយោគ​ពិតប្រាកដ ហើយ​ជួប​ប្រឈម​ឧបសគ្គ​ជាមួយនឹង​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​ទីផ្សារ​នោះ​ទេ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គម្រោង​របស់​ក្រុម ឡេ​ង ចាន់​ណា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឆបោក​តាម​រូបមន្ត Ponzi Scheme ។

ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ​, នៅ​ថ្ងៃ​ទី​១២ មីនា ២០១៤ សម្ដេច​បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ឈាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ ឡេ​ង ចាន់​ណា ដើម្បី​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ជា​ធរមាន​។

ជាមួយ​គ្នា​នេះ​, នៅ​ថ្ងៃ​ទី​១៣ មីនា ២០២៤ សម្ដេច​ធិ​បតី​បាន​ធ្វើ​សំណើ​ថ្វាយ ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​បញ្ចប់​ងារ​ជា​ឧកញ៉ា របស់​លោកស្រី ឡេ​ង ចាន់​ណា ដែល​មាន​ព្រះរាជ​ក្រឹ​ត​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៅ​ថ្ងៃ​ទី​១៤ មីនា ២០២៤​។

ទោះបីជា​សំណុំរឿង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ ក៏​រាជរដ្ឋាភិបាល​នៅ​បន្ត​តាមដាន​ករណី​នេះ​ជា​ប្រចាំ នឹង​បាន​ប្រគល់​ភារកិច្ច​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ការ​ស្រាវជ្រាវ និង សហការ​គាំទ្រ​ដល់​ដំណើ​ការ​របស់​តុលាការ​គ្រប់​រូបភាព​ដែល​ច្បាប់​អនុញ្ញាត ធ្វើ​យ៉ាងណា​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អស់​លទ្ធភាព​ទៅ​តាម​ផ្លូវច្បាប់​។

ចុង​ក្រោយ​នេះ​, យោង​តាម​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ក្នុង​ករណី​នេះ​,​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា​« ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដែល​មាន​ឯកឧត្តម គី តិច ជា​ប្រធាន ដើម្បី​ខិតខំ​ការពារ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ករណី​នេះ ព្រមទាំង​ផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់​នានា​តាម​ការ​ចាំបាច់ ជា​ពិសេស ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​តុលាការ​។ ខ្ញុំ​ស្នើ​មេធាវី​រាជរដ្ឋាភិបាល ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់​ដែល​មានការ​ពាក់ព័ន្ធ ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នៅ​ក្នុង​សំណុំរឿង​នេះ ហើយ​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅ​តាម​នីតិវិធី​ជា​ធរមាន​។ រាជរដ្ឋាភិបាល នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​សំណុំរឿង​នេះ​។

យើង​នឹង​បន្ត​ខិតខំ​រួម​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ជូន​ប្រជាពលរដ្ឋ ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​៕

May be an image of text