កំពង់ធំ៖ លោក ឈឹង ញ៉េប មេឃុំនីពេជ រួមជាលោក ខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ លោក ហាន ហូយ ប្រធានកម្រងសាលាឃុំនីពេជ ព្រមទាំងស្មៀនឃុំ លោកមេភូមិ សមាជិកគណៈកម្មការសហគមន៍ព្រៃឈើ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស សរុបចំនួន១១៧នាក់ ស្រី៥៩នាក់ កាលពីអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ បាននាំយកគ្រាប់ត្នោតចំនួន១២០០គ្រាប់ទៅដាំអមសងខាងផ្លូវចូលព្រៃសហគមន៍ត្រពាំងល្ពាក់ប្រវែង៧៥០ម៉ែត្រ ដើម្បីទុកជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយ និងដើម្បីជួយបង្កើនគម្របព្រៃឈើនិងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលនេះជាគំនិតផ្ដួចផ្ដើមរបស់លោក ឌឿន សូរិយ៉ា និងលោក ឌឿន រ៉ាប៊ីន ព្រមទាំងលោកគ្រូ អ្នកគ្រូនៅតាមសាលារៀន និងយុវជនក្រុមបាល់ទាត់រដ្ឋបាលឃុំនីពេជផងដែរ។
លោកខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ បានលើកឡើងថា សហគមន៍ព្រៃឈើត្រពាំងល្ពាក់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ មានផ្ទៃដីសរុបចំនួន៣៨៣ហិកតា និងបានប្រកាសគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅឆ្នាំ២០០៨ និងបានចុះកិច្ចព្រមព្រាងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩។ គណៈកម្មការគ្រប់គ្រងសព្វថ្ងៃ ចំនួន៧នាក់ ស្រី១នាក់ មានសមាជិកចូលរួមចំនួន២៨៦នាក់ ស្រី៨៦នាក់ ស្មើនឹង ១៤៧គ្រួសារ។ សក្ដានុពលរបស់ព្រៃសហគមន៍កន្លងមក គណៈកម្មការបានសហការជាមួយអង្គការដៃគូ និងរដ្ឋបាលព្រៃឈើបានដាំកូនឈើឡើងវិញ ប្រភេទឈើក្រញូង ធ្នង់ កាស្យា បានចំនួន១១ហិកតា ។
លោកប្រធានសហគមន៍បានបន្តទៀតថា សហគមន៍បានបែងចែកជាក្រុមសម្រាប់ចុះល្បាតប្រចាំថ្ងៃ ក្រុមចិញ្ចឹមជ្រូកព្រៃ ក្រុមថែទាំព្រៃឈើ ក្រុមឥណទានសហគមន៍សាច់ប្រាក់ចំនួន១ក្រុមសមាជិកចំនួន៧៤នាក់ ក្រុមកែច្នៃផលអនុផលព្រៃឈើមាន២ក្រុម គឺក្រុមកែច្នៃល្ពាក់ និងក្រុមកែច្នៃផ្អាវ។
ជាមួយគ្នានេះដែរ លោក ឈឹង ញ៉េប មេឃុំនីពេជ បានមានប្រសាសន៍ថា លោកពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញចូលរួមដាំគ្រាប់ត្នោត ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកគ្រូ អ្នកគ្រូរួមជាមួយអាជ្ញាធរមូលដ្ឋាន បានសហការគ្នាដាំគ្រាប់ត្នោតចំនួន១២០០គ្រាប់។ទាំងអស់នេះគឺដើម្បីជួយថែរក្សាមរតកជាតិខ្មែរយើង ពីព្រោះដើមត្នោតជាវប្បធម៍ជាតិខ្មែរ និងបានលើកឡើងពីសារប្រយោជន៍នៃព្រៃឈើ ដើម្បីធ្វើឱ្យមានលំនឹងអាកាសធាតុ ថែរក្សាអាកាសធាតុមិនឱ្យក្ដៅខ្លាំងមិនឱ្យត្រជាក់ខ្លាំង។ ផលិតផលដែលបានមកពីព្រៃឈើ គឺជាទំនិញដ៏ប្រសើរសម្រាប់ទីផ្សារជាតិនិងអន្តរជាតិ និងផ្ដល់នូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវរុក្ខផល សម្រាប់មនុស្សនិងសត្វសម្បូរដោយជីវចម្រុះ ទាក់ទាញទឹកភ្លៀង។ ការកែច្នៃផលអនុផលព្រៃឈើ គឺដើម្បីបង្កើនមុខរបរ រកចំណូលប្រចាំថ្ងៃរបស់សមាជិកសហគមន៍ព្រៃឈើ។
ទន្ទឹមនឹងនេះ លោកមេឃុំបានបញ្ជាក់ថា ម្ចាស់ជំនួយគាំទ្រគម្រោងនេះរយៈពេលកន្លងមករហូតមកដល់សព្វថ្ងៃ គឺខណ្ឌរដ្ឋបាលព្រៃឈើស្រុក/ខេត្ត អង្គការដៃគូមានអង្គការរីខូហ្វ អង្គការអុកស្វាម អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) និង អាជ្ញាធរភូមិ/ឃុំ ផងដែរ៕
ប្រភព៖ AKP