ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យទីក្រុងគុនមីញ ប្រទេសចិន បង្កើនវប្បធម៌ ទេសចរណ៍ឱ្យកាន់តែច្រើនមកទីក្រុងភ្នំពេញ ក្នុងបំណងរាជធានី ភ្នំពេញចង់រៀបចំព្រឹត្តិការណ៍ទេសចរមួយ ជាមួយទីក្រុងគុនមីញ ដើម្បីឱ្យវិស័យទេសចរណ៍ រាជធានីភ្នំពេញរបស់កម្ពុជានិងទេសចរណ៍នៃទីក្រុងគុនមីញប្រទេសចិន មានការកើន ឡើងទ្វេដង។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍នៃទីក្រុងទាំង២ មានការកើនឡើង យើងគួរធ្វើការងាររួមគ្នាដោយរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍មួយ ដើម្បីឱ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរ បានទៅទេសចរណ៍ទៅវិញទៅមក(ទីក្រុងគុនមីញ-ទីក្រុងភ្នំពេញ)។
ឯកឧត្ដមបានបញ្ជាក់ថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយបន្ថែម ពីនេះកម្ពុជា ក៏មានប្រសាទជាច្រើន ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ ទេសចរណ៍ដ៏ធំ មួយរបស់កម្ពុជា។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញ ក៏មានតំបន់ ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម។ ទាំងនេះគឺអាចជំរុញឱ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរ មានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាច ទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញ អាចមក ទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ។
ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះ ស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ។ មានប្រជា ពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន លើគ្រប់ វិស័យមានទអគារខ្ពស់។ ប៉ុន្តែទោះបីជីយ៉ាងណាក្តីរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈម ដែលត្រូវដោះស្រាយ នោះគឺបញ្ហា កកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែការងារ នេះអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងដោះស្រាយឱ្យបានប្រសើរឡើង។
ឯកឧត្ដមបានបញ្ជាក់ថា៖ ជាគម្រោងរបស់រាជធានីភ្នំពេញ យើងចង់បង្កើតទី ក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះយើងកំពុងតែរកដៃគូ ដើម្បីបង្កើតនៅទីក្រុងរណបថ្មី មួយដែលជាទីក្រុងវៃឆ្លាត។
ឯកឧត្ដម លីវ ហុងឈាន (H.E. Mr. Liu Hongjian) បានមានប្រសាសន៍ លើកឡើង ដែរថា៖ ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថា រាជធានីភ្នំពេញពិតជា មានការអភិវឌ្ឍ រីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន ពួកយើងខ្ញុំស្រឡាញ់រាជធានីភ្នំពេញ។
ឯកឧត្ដមបន្តថា៖ ទីក្រុងគុនមីញ និងរាជធានីភ្នំពេញបានមានទំនាក់ទំនងល្អជាបងប្អូន ជាច្រើនឆ្នាំមកហើយៗនៅខែវិច្ឆិកាឆ្នាំ២០២៤ នេះ ទីក្រុងគុនមីញ និងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះទីក្រុងគុនមីង សូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅ ទីក្រុងគុនមីញ។
ជាបំណងរបស់ឯកឧត្ដម គឺចង់ឱ្យប្រជាជននៃទីក្រុងគុនមីញ មកទេសចរណ៍នៅ រាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យបានច្រើន ហើយក៏មានបំណងប្រជាពលរដ្ឋ កម្ពុជាទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលការស្រស់ក៏ដូចជាថ្ម សមុទ្រនៅទីក្រុងគុនមីញឱ្យបានច្រើនផងដែរ។
ឯកឧត្ដម លីវ ហុងឈាន ក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់ទីក្រុង គុនមីញផងដែរ។ ទីក្រុងគុនមីញមានស្រុក ខណ្ឌចំនួន១៤ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៨លាននាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ ១៥ អង្សាសេ ជាទីក្រុងដែលមានផ្ការស្រស់ដែល អាចនាំផ្កាស្រស់ចេញទៅក្រៅប្រទេស បានប្រមាណ ១៣៥ ពាន់លានដើម ក្នុងមួយឆ្នាំ។ ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ ខ្លាំងពិសេសលើវិស័យទេសចរណ៍៕
ប្រភព៖ AKP