លោក ថាំង វីយុទ្ធដា ចុះពិនិត្យទីតាំងគម្រោង មុនពេលចុះអនុវត្តន៍ការងារក្នុងខេត្តសៀមរាប និងពិនិត្យវឌ្ឍនភាពគម្រោងក្នុងខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖ លោក ថាំង វី​យុទ្ធ​ដា ប្រធាន​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ និង​លោក អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តសៀមរាប អមដំណើរ​ដោយ​លោក​អនុប្រធាន នាយកដ្ឋាន និង​ក្រុមការងារ​បច្ចេកទេស បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​មុន​ពេល​ចុះ អនុវត្តន៍​ការងារ (​ជំហាន​២) នៅ​គម្រោង​ជីក​ស្ទឹង​ស្រែង​បង្វែរ​ចរន្តទឹក និង​សាងសង់​សំណង់ បេតុង​បង្វែរ​ទិស​ទឹក ដែល​ស្ថិត​នៅ​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប នៅ​ថ្ងៃអាទិត្យ ៥​កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤​។

ក្នុង​ឱកាស​នោះ លោក​ប្រធាន​នាយកដ្ឋាន​វិស្វកម្ម បាន​មាន​ប្រសាសន៍​ថា គម្រោង បង្វែរ​ចរន្តទឹក​ស្ទឹង​ស្រែង​រួម​មាន​ទំហំ​ការងារ​សំខាន់​ៗ ដូច​ជា​៖ ១.​គម្រោង​ជីក​ស្ទឹង​ស្រែង បង្វែរ​ចរន្តទឹក ប្រវែង ៤៥០​ម​, ២.​សាងសង់​ទំនប់​បង្វែរ​ចរន្តទឹក​ស្ទឹង​ស្រែង ប្រវែង​១២០​ម និង​៣.​សាងសង់​សំណង់​បេតុង​បង្វែរ​ទិស​ទឹក ប្រវែង ៨០​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា គម្រោង​នេះ​អាច​បង្កើន​សមត្ថភាព​ស្រោចស្រព​បន្ថែម ដល់​ផ្ទៃដី​បង្កបង្កើន​ផល​រដូវវស្សា​ចំនួន ១៣៧៥​ហិ​កតា និង​រដូវប្រាំង​ចំនួន ១៣៥ ហិ​កតា ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៤៩០​គ្រួ​សារបាន​ទទួលផល​ពី​គម្រោង​នេះ​។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ លោក​ក៏​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្តារ ឡើង​វិញ ទំនប់​អាង​ទឹក​ត្រពាំង​វែង ស្ថិត​នៅ​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដោយ លោក​បាន​ថ្លែង​ថា គម្រោង​ស្តារ​ឡើង​វិញ​ទំនប់​អាង​ទឹក​ត្រពាំង​វែង គិត​មក​ដល់​ពេល​នេះ វឌ្ឍនភាព​ការងារ​សម្រេច​បាន​ប្រមាណ ៨០​ភាគរយ ក្នុង​នោះ​ការងារ​ស្តារ​ឡើង​វិញ​ទំនប់​អាង​ទឹក​ត្រពាំង​វែង (​បាក់​ដាច់​) ប្រវែង ៣០០​ម៉ែត្រ សម្រេច​បាន ១០០​ភាគរយ រៀប​ថ្ម​ជើងទេរ ទំនប់​អាង​ទឹក​ត្រពាំង​វែង ប្រវែង ១៣០០​ម សម្រេច​បាន ៨៥​ភាគរយ និង​ការងារ ជួសជុល​កន្ទុយ​សំណង់​ទ្វារ​ទឹក​លើ​ទំនប់​អាង​ទឹក​ត្រពាំង​វែង ១​កន្លែង សម្រេច​បាន ១៥​ភាគរយ​។

លោក ថាំង វី​យុទ្ធ​ដា បាន​បញ្ជាក់​ថា គម្រោង​នេះ​អាច​បង្កើន​សមត្ថភាព​ស្រោចស្រព បន្ថែម​ដល់​ផ្ទៃដី​បង្កបង្កើន​ផល​រដូវវស្សា​ចំនួន ៧៣៧ ហិ​កតា និង​រដូវប្រាំង​ចំនួន ១៥០​ហិ​កតា ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៧៩​គ្រួ​សារបាន​ទទួលផល​ពី​គម្រោង​នេះ​៕

ប្រភព៖ AKP