សោកស្តាយ!! ដំរីព្រៃញីមួយក្បាលបានស្លាប់ នៅខេត្តមណ្ឌលគិរី

0

មណ្ឌលគិរី៖ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ នេះ​ថា ពិតជា​មានការ​សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការ​បាត់បង់​សត្វ​ដំរីព្រៃ​ញី​១​ក្បាល ដែល​មាន​របួស​ធ្ងន់ធ្ងរ​នៅ​ចំណុច អូរ​ក្រាក់ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។

ដោយ​សុខភាព​សត្វ​ដំរីព្រៃ​ញី​មួយ​ក្បាល​នេះ មាន​សភាព​ខ្សោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ថ្ងៃ​ទី​១០ ខែឧសភា​នេះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​។ នៅ​វេលា​ម៉ោង ២​រសៀល​នា​ថ្ងៃនេះ ក្រុមការងារ​នឹង​រៀបចំ​ជីករណ្តៅ​កប់​នៅ​ទីស្នាក់ការ​រ​យ៉​លើ ដែនជម្រកសត្វព្រៃ​លំ​ផាត់ ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមការងារ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​ប្រទះ​ឃើញ​សត្វ​ដំរី ព្រៃ​ញី​មួយ​ក្បាល​បាន​ជាប់ ក្នុង​ល្បាប់​ភក់​ចំណុច​អូរ​ក្រាក់​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤​។ ក្រុមការងារ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី រួម​សហការ​ជាមួយ​អង្គការ WWF មន្ត្រី​ជំនាញ និង​ក្រុមការងារ​នៃ​ក្រុមហ៊ុន​លឹ​ម​រ៉ូ​យ៉ា​ល់ បាន​ធ្វើការ​ជួយ​សង្គ្រោះ​សត្វ​ដំរីព្រៃ​ញី មួយ​ក្បាល​ដែល​កំពុង​ជាប់​ក្នុង​ល្បាប់​ភក់ និង​មាន​របួស​ជើង​មុខ​ខាងឆ្វេង និង​ផ្នែក​ពោះ​អស់ រយៈពេល​បី​ថ្ងៃ​នៅ​កន្លែង​កើតហេតុ​។ ក្រុមការងារ​ក៏​បាន​ដឹក​ជញ្ជូន​ដំរីព្រៃ​ញី​មួយ​ក្បាល នេះ​មក​បន្ត​ព្យាបាល​នៅ​ទីស្នាក់ការ​កណ្ដាលរ​យ៉​លើ នៃ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ មណ្ឌលគិរី​៕

ប្រភព៖ AKP