សៀមរាប៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី នៅចំណុចស្ពានលេខ១០ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណី៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ)។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ លឿន ឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ(គ្មាន) បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
២-ឈ្មោះ ឆៃ ស៊ីណាលិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ(គ្មាន) បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាពខាងលើនេះ ពិតប្រាកដមែន។ រហូតដល់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃខេត្តទាំងពីរ បន្តការស្រាវជ្រាវករណីខាងលើនេះ ដកហូតម៉ូតូចំនួន០១គ្រឿង ដែលជនសង្ស័យលួចបាន ហើយយកទៅបញ្ចាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
+ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១(របស់ជនរងគ្រោះ)
– ម៉ូតូម៉ាកហុងដាស្គុបពី សេ១១០ ពណ៌ស ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤(របស់ជនរងគ្រោះ)
– ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕