ថ្នាក់ដឹកនាំក្រសួងអប់រំ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមលើការអនុវត្តសាលារៀនគំរូ នៅវិទ្យាល័យហ៊ុនសែនស្អាង និងនៅសាលាបឋមសិក្សាអនុវត្ត ប៊ុន រ៉ានី ហ៊ុនសែន

0

កណ្តាល៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ជំទាវ គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ​ប្រចាំការ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​លើ​ការ អនុវត្ត​សាលារៀន​គំរូ​នៅ​វិទ្យាល័យ​ហ៊ុន សែន​ស្អាង ស្ថិត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល និង​នៅ​សាលា​បឋម​សិក្សា​អនុវត្ត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ស្ថិត​នៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកណ្តាល និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា គោលបំណង​របស់​យើង​នៅ​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ពី​វឌ្ឍនភាព និង​ការ​គាំទ្រ​ការ​ដោះ ស្រាយ​បញ្ហា​ប្រឈម​លើ​ការ​អនុវត្ត​ស្ដង់ដារ​សាលារៀន​គំរូ និង​ពិនិត្យ​ពិភាក្សា​ជាមួយ​គណៈ គ្រប់គ្រង គ្រូបង្រៀន សហគមន៍ និង​អ្នក​ពាក់ព័ន្ធ​លើ​ការ​អនុវត្ត​ស្ដង់ដារ​សាលារៀន​គំរូ និង​មានការ​ណែនាំ​ខ្លះ​ៗ​ដោយ​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​កំណែទម្រង់​សាលារៀន​គំរូ និង​ការ​អនុវត្ត សាលារៀន​គំរូ ដោយ​បាន​រៀបចំ​ស្ដង់ដារ​សាលារៀន​គំរូ ហើយ​ធ្វើ​ឱ្យ​មានការ​ប្រែ​ក្លាយជា សាលារៀន​គំរូ ដែល​ផ្ដោត​លើ​លទ្ធផល​នៃ​ការ​សិក្សា​ផង​ដែរ ដោយ​ឯកឧត្តម​បាន​ណែនាំ​ឱ្យ មានការ​រៀបចំ​គម្រោង​ផ្សេង​ៗ ដើម្បី​កែប្រែ​ជា​សាលារៀន​គំរូ និង​បាន​ណែនាំ​ឱ្យ​អនុវត្តន៍ សកម្មភាព​មួយ​ចំនួន​ដូច​ជា​៖ លើកកម្ពស់​ការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​ឱ្យ​មានការ​ទទួល ស្គាល់​ពី​អាណាព្យាបាល​សិស្ស ទាំង​កិត្តិយស ទាំង​កិត្តិនាម​របស់​គ្រូ និង​ពង្រឹង​ស្ដង់ដារ វិជ្ជាជីវៈ​គ្រូបង្រៀន ធ្វើការ​កែ​លម្អ​ការ​រៀន​របស់​សិស្ស និង​ការ​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ​ជាដើម​។

ដើម្បី​ជំរុញ​ដំណើរការ​គាំទ្រ និង​លើកកម្ពស់​ផ្នែក​បច្ចេកទេស ហើយ​ប្រែក្លាយ ជា​វិទ្យាល័យ​គំរូ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ទៅ​ដល់​សាលារៀន ឱ្យ​បង្កើត​គណៈកម្មការ គ្រប់គ្រង​សាលា ដើម្បី​មាន​គណនី​ភាព​ចំពោះ​សិស្ស ការ​កែ​លម្អ​លទ្ធផល​របស់​សិស្ស តាម​រយៈ​ការ​ធ្វើតេស្ដ​ស្ដង់ដារ​ចាប់ពី​កុមារ​តូច ការ​ពង្រឹងស្មារតី និង​ភាព​ក្លាហាន មាន​របៀប មាន​វិន័យ​ក្នុង​ការ​រស់នៅ និង​ការ​គ្រប់គ្រង​ខ្លួនឯង លើកកម្ពស់​ការ​សិក្សា​បន្ថែម​ម៉ោង ស្វ័​យ​សិក្សា និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​រៀន​ស្វែងរក​ចំណេះវិជ្ជា​ដោយ​ខ្លួនឯង ការ​បង្រៀន​ពេញ​មួយ​ថ្ងៃ​ដែល​ជា​ការ​បង្រៀន​គួរ​តាម​ការ​ស្ម័គ្រចិត្ត និង​ដោយ​មានការ​គាំទ្រ ការ​ព​ង្រឹ​ក​អភិបាលកិច្ច​សាលារៀន​ជាដើម​។​ល​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង បំពេញ តួនាទី​ភារកិច្ច យក​អស់កម្លាំង​កាយ​ចិត្ត​របស់​លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ទាំងអស់ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចូលរួម​លើកកម្ពស់ វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​ចំពោះ​បរិស្ថាន ស្អាត មាន​អនាម័យ​។

ឯកឧត្តម​ក៏​បាន​បញ្ជាក់​ពី​វិធាន​គន្លឹះ​សំខាន់​ៗ ដែល​ត្រូវ​បញ្ជ្រាប​ក្នុង​ការ​អនុវត្ត​ស្តង់ដារ សាលារៀន​គំរូ​ដែល​រួម​មាន​៖ កិច្ច​ប្រតិបត្តិការ និង​រដ្ឋបាល​របស់​សាលារៀន ផ្ដោត​ការ​វាយ តម្លៃ​ការងារ​របស់​បុគ្គលិក និង​គណនី​ភាព​របស់​សាលារៀន ណែនាំ​ឱ្យ​មានការ​លក់​ចំណី អាហារ​ឱ្យ​មានគុណ​ភាព និង​កុំឱ្យ​មានការ​លក់​បារី​អេ​ឡិ​ក​ត្រូ​និ​ច​នៅ​ក្បែរ​សាលារៀន​ជាដើម​៕

ប្រភព៖ AKP