ក្រសួង​កា​រ​ពារ​ជាតិ​ បង្កើត​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ថ្មី​

0

ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​ថ្មី​របស់​ក្រសួងការពារជាតិ បាន​បង្កើត​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្មី ដោយ​បាន​រំសាយ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ចាស់ និង​បាន​ប្រគល់​ជូន នាយ​ឧត្ត​សេនីយ៍ ចាយ សាំង​យុន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងការពារជាតិ ក្នុង​នោះ ក៏​មាន​សមាសភាព​ចូលរួម នាយទាហានជាន់ខ្ពស់​មក​ពី អគ្គបញ្ជាការ​, បញ្ជាការដ្ឋាន​កងទ័ព​ជើង គោក ជើង​ទឹក ជើង​អាកាស និង​កងរាជអាវុធហត្ថ​ជា​សមាជិក​ផង​ដែរ​។

យោង​តាម​ភារកិច្ច របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺ​៖ ធ្វើ​ជា​សេនាធិការ​ជូន​រដ្ឋមន្ត្រី ក្រសួងការពារជាតិ លើ​សកម្មភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លើក​យោបល់ ស្នើ​សុំ​គោលការណ៍ សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ គណៈកម្មាធិការ​ត្រូវ​ចាត់តាំង​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ការ​ប្រើប្រាស់ ការ​ជួញដូរ និង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​បណ្តា​អង្គភាព បណ្តុះបណ្តាល ជន​បង្គោល ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ការ​ប្រើប្រាស់ ការ​ជួញដូរ និង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​តាម​បណ្តា​អង្គភាព​។ ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នាយកដ្ឋាន​អធិការកិច្ច ជា​ជំនួយការ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​កង​យោធពលខេមរភូមិន្ទ និង​ត្រូវ​ធ្វើការ​បូក​សរុប​របាយការណ៍ ជូន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រចាំខែ ត្រីមាស ឆមាស នព្វ​មាស និង​ឆ្នាំ​។ សេចក្តី​ប្រកាស​ក៏​បាន​អនុញ្ញាត​ឱ្យ​អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពលខេមរភូមិន្ទ មាន​សិទ្ធិ​បង្កើត​គណៈកម្មការ អនុ​គណៈកម្មការ និង​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​បណ្តា​បញ្ជាការដ្ឋាន​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ តាម​ការ​ចាំបាច់​។

ក្នុង​ឱកាស​នោះ នាយ​ឧត្ត​សេនីយ៍ ចាយ សាំង​យុន ថ្លែង​ការ​កោតសរសើរ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ អនុវត្តន៍​យ៉ាង​សកម្ម​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​កន្លង​មក​។

ឯកឧត្តម រដ្ឋលេខាធិការ បាន​លើក​ផែនការ​ថ្មី គឺ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​មេបញ្ជាការ​គ្រប់​អង្គភាព រួម​ទាំង​មានការ​ចូលរួម​ពី​យោធិន​គ្រប់​រូប ត្រូវ​បន្ត​ធ្វើ​ឱ្យ​ការ​អប់រំ​ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ការ​ប្រើប្រាស់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រព្រឹត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។

គួរ​បញ្ជាក់​ថា​៖ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​កន្លង​មក កង​យោធពលខេមរភូមិន្ទ បាន​បង្កើត​គណៈកម្មាធិការ គណៈកម្មការ អនុ​គណៈកម្មការ និង​ក្រុមការងារ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​មាន​រចនាសម្ព័ន្ធ​ចាត់​តាំងពី​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជាការដ្ឋាន​អង្គរក្ស និង​កងឯកភាព​ទូ​ទាំង​ខ​.​ភ​.​ម ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ បង្ការ ទប់​ស្តាប់ ការ​ប្រើប្រាស់ ការ​ចែកចាយ និង​គ្រោះថ្នាក់​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ៕

ប្រភព៖ AKP