កិច្ច​ប្រជុំ​ពិភាក្សា ​និង​ពិនិត្យ​មើល​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ នៃ​ការ​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឆ្នាំ​២០២៤

0

ភ្នំពេញ៖ គណៈកម្មការ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ រៀបចំ​ចុះបញ្ជី​ដី​រដ្ឋ និង​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​របស់​កង​យោធពលខេមរភូមិន្ទ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ​មើល​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព នៃ​ការ​គ្រប់គ្រង​អចលនទ្រព្យ​របស់​កង​យោធពលខេមរភូមិន្ទ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​ក្រសួងការពារជាតិ​។

ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ គឺ​បាន​ផ្ដោត​ទៅ​លើ​ការ​ស្ដាប់​នូវ​របាយការណ៍​សង្ខេប​ប្រចាំឆ្នាំ ស្ដី​ពី​ការ​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​ឆ្នាំ​គោល​២០១៩ តារាង​ប្រៀបធៀប​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ និង​លទ្ធផល​អង្គប្រជុំ​កាលពី​លើក​មុន ដែល​មានការ​ផ្លាស់​ប្ដូរ​ប្រធាន​គណៈកម្មការ​ដឹកនាំ​ជា​បន្តបន្ទាប់ និង​ការ​ស្ដាប់​លទ្ធផល នៃ​កិច្ចប្រជុំ​ឆ្លង​សេចក្តីសម្រេច នៃ​ការ​បង្កើត​អនុ​គណៈកម្មការ​រៀបចំ​ចុះបញ្ជី​ដី​រដ្ឋ នឹង​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ទាំង ៧ និង​ក្រុមការងារ​ទាំង ៤ របស់​លេខាធិការដ្ឋាន និង​របៀបវារៈ​របស់​អង្គប្រជុំ ដែល​បាន​ឆ្លង​ផែនការ​សកម្មភាព​របស់​ក្រុមការងារ​នៅ​ពេល​ខាង​មុខ​។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​បញ្ជាក់​ថា​៖ ផែនការ​ការងារ​រៀបចំ​ចុះបញ្ជី​ដី​រដ្ឋ និង​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ នៃ​កង​យោធពលខេមរភូមិន្ទ​ធ្វើ​ឡើង​គឺ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​បាន​ជ្រោ​ត​ជ្រាប​រាល់​បែបបទ នីតិវិធី​នានា ក្នុង​ការ​ចុះបញ្ជី ហើយ​ត្រូវ​ត្រួតពិនិត្យ​តាមដាន និង​ធ្វើ​របាយការណ៍​ឡើង​វិញ ពី​ប្រវត្តិ​អចលនទ្រព្យ របស់​កងឯកភាព​ទាំងអស់ ទូ​ទាំង​កង​យោធពលខេមរភូមិន្ទ ដោយ​សុ​ក្រិ​ត្យ​ភាព​បំផុត ក្នុង​ការ​រៀបចំ​ចុះបញ្ជី​ដី​រដ្ឋ និង​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ របស់​កងឯកភាព​នីមួយ​ៗ​ឱ្យ​ស្រប​ទៅ​តាម​ទិន្នន័យ ដែល​មាននៅ​ក្នុង​បញ្ជីសារពើភ័ណ្ឌ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​កន្លង​មក​។ សម្រាប់​ផែនការ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់​ច្បាស់​ថា​៖ គឺ​មាន​គោលបំណង ដើម្បី​ពង្រឹង​ការ​កាន់កាប​អចលនទ្រព្យ របស់​រដ្ឋ​ដោយ​ស្របច្បាប់ គ្រប់​បណ្ដា​ទីតាំង ដែល​ជា​មូលដ្ឋាន​របស់​ស្ថាប័ន អង្គភាព ទូរ​ទាំង​កង​យោធពលខេមរភូមិន្ទ ដើម្បី​បញ្ចៀស​បាន​នៅ​បាតុភាព ការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ និង​អចលនវត្ថុ​នានា ដែល​គ្រប់គ្រង​ដោយ​កង​យោធពលខេមរភូមិន្ទ ពី​សំណាក់​ជន​ឱកាសនិយម ដែល​តែងតែ​បង្កទំនាស់ កើត​មាន​ឡើងជា​ហូរហែ​នា​ពេល​កន្លង​មក​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏​បាន​សំណូមពរ​ដល់​ប្រធាន និង​អនុប្រធាន នៃ​អនុ​គណៈកម្មការ​ទាំង ៧ ជួយ​ជំរុញ​បណ្ដា​អង្គភាព​ប្រើប្រាស់ ដែល​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល​២០១៩ ឱ្យ​បាន​លឿន ហើយ​ក៏​ត្រូវ​ព​ន្លឿ​ន​ការងារ​ចុះ​បញ្ជីសារពើភ័ណ្ឌ​នេះ​ឱ្យ​បាន​លឿន ដើម្បី​បញ្ជូន​ទិន្នន័យ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចៀសវាង​ការ​ពន្យារពេល​យូរ​ឆ្នាំ​តទៅ​ទៀត​។ ឯកឧត្តម ក៏​បាន​សំណូមពរ ដល់​ប្រធាន​ស្ថាប័ន​អង្គភាព គ្រប់​អង្គភាព ដែល​ប្រើប្រាស់​ដី​រដ្ឋ ត្រូវ​ដាស់តឿន និង​ជំរុញ​ជំនាញ​របស់​ខ្លួន ដែល​ទទួល​ការងារ​បញ្ជីសារពើភ័ណ្ឌ ដើម្បី​អនុវត្តន៍​ឱ្យ​បាន​ទាន់​ពេលវេលា និង​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ត​។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងការពារជាតិ ក៏​បាន​ក្រើនរំលឹក ដល់​មេបញ្ជាការ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ គ្រប់​បណ្ដា​អង្គភាព​កងទ័ព ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​គ្រប់គ្រង​ឱ្យ​បាន នៅ​រាល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដោយ​យកចិត្តទុកដាក់​មក​ពិនិត្យ​ពិ​ច្ច័​យ​ចុះបញ្ជី​ឱ្យ​បាន​ទាន់​ពេលវេលា រាល់​អចលនទ្រព្យ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​បញ្ចៀស​បាន រាល់​បាតុភាព​ទាំងឡាយ​ដែល​កើត​មាន​ឡើង ៕

ប្រភព៖ AKP