សម្ដេចធិបតី៖ ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានាថ្ងៃនេះ គឺបានសរបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា

0

ភ្នំពេញ៖ «​ពិធី​ប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សមា​គ ម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា នា​ថ្ងៃនេះ គឺ​បាន​សរ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សេចក្ដី​ទុកចិត្ត​យ៉ាង​មុតមាំ​ពី​វិស័យ​ឯកជន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ជា​ការ​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​ក្នុង​ការ​រួមចំណែក​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​»​។​នេះ​ជា​ការ​ថ្លែង​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ចូលរួម​ពិធី “​ប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា និង​ពិសា​ភោជនាហារ​សាមគ្គី​” នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែឧសភា ឆ្នាំ​២០២៤​នេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បន្ត​ថា ការ​បង្កើត​ឱ្យ​មាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា គឺ​មាន​គោលបំណង​ក្នុង​ការ​ប្រមូលផ្ដុំ​នូវ​សមាសភាព​សមាគម​នីមួយ​ៗ​រួម​គ្នា​ជា​ថ្នាល​ធំ​មួយ ដើម្បី​ពង្រឹង និង​ពង្រីក​សកម្មភាព​ទាក់ទាញ​វិនិយោគិន​បរទេស​មក​ពី​គ្រប់​ប្រទេស​ដើម្បី​ចូល​មក​បណ្ដាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​ជា​អតិបរមា និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ស្រប​តាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា សមាជិក​នៃ​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា បាន​ខិតខំ​បំពេញ​សកម្មភាព​រៀង​ៗ​ខ្លួន និង​សម្រេច​បានការ​កៀរគរ​វិនិយោគិន​បរទេស​ចូល​មក​បណ្ដាក់ទុន​ក្នុង​ប្រទេស​កម្ពុជា គិត​ជា​ទឹកប្រាក់​សរុប​រាប់​ពាន់​លាន​ដុល្លារ ដែល​នេះ​ជា​សកម្មភាព​វិជ្ជមាន​មួយ​ជួយ​ដល់​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះថា​កំណើន​នៃ​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម នឹង​ជួយ​បង្កើត​ឱកាស​ការងារ​យ៉ាង​សន្ធឹកសន្ធាប់​ជូន​ដល់​ប្រជាជន ព្រមទាំង​ជំរុញ​ការ​នាំ​ចូល​មក​នូវ​ជំនាញ និង​បច្ចេកវិទ្យា​ថ្មី​ៗ​បន្ថែម ដែល​កត្តា​ទាំងនេះ​សុទ្ធសឹងតែ​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា មាន​បាវចនា ចំនួន​៥ គឺ «​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​» និង​មាន​អាទិភាព​គន្លឹះ ចំនួន ៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​»៕

ប្រភព៖ AKP