សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាពជាដៃគូទាល់តែទាំងសងខាងជួយគ្នាទើបទៅរួច រដ្ឋម្នាក់ឯងគឺទៅមិនរួចទេ

0

ភ្នំពេញ៖ ភាព​ជា​ដៃគូ​ទាល់តែ​ទាំង​សងខាង​ជួយ​គ្នា​ទើប​ទៅ​រួច រដ្ឋ​ម្នាក់ឯង​គឺ​ទៅ​មិន​រួច​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន ហើយ​នៅ​ក្នុង​នោះ​វិស័យ​ឯកជន​បាន​ចូលរួម​ក្នុង​តួនាទី​ច្រើន​ហើយ ប៉ុន្តែ​កិច្ចការ​មួយ​សំខាន់​ដែល​ត្រូវ​មាន​និរន្ត​ន៍​ភាព និង​ចីរភាព ដែល​ចាំបាច់​គឺ​ការ​ចូលរួម​ដោយ​ស្មោះត្រង់ និង​ចូលរួម​ដោយ​តម្លាភាព និង ចូលរួម​អនុវត្ត​ឱ្យ​បាន​ស្រុះគ្នា សាមគ្គី ឯកភាព​គ្នា​ពី​វិស័យ​ឯកជន ទើប​គោល ការណ៍​ទាំងអស់​ជោគជ័យ​បាន ដែល​នេះ​គឺជា​កត្តា​កំណត់​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ ២០២៤​នេះ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា កត្តា​មួយ​ដែល​សម្តេច​សូម​លើក​ឡើង​ក្នុងថ្ងៃនេះ​គឺ អនុលោម​ភាព ដែល បងប្អូន​ខ្លះ​ឱ្យ​តែ​ឮ​ពាក្យ​នេះ​តែងតែ​រសើប ព្រោះតែ​ឮ​ដល់​ពាក្យ​អនុលោម​ភាព គឺ​នឹក​ដល់​សម្ពាធ នឹក​ដល់ គយ នឹក​ដល់​ពន្ធដារ​។ តែ​សម្តេច​សូម​បញ្ជាក់​ថា ពាក្យ​ថា អនុលោម​ភាព គឺ​ភាព​ស្រប​តាម ឬ​ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍ ផែនការ​នៃ​ច្បាប់ បទបញ្ញត្តិ និង​កិច្ចសន្យា​។ តើ​ការ​ពង្រឹង​អនុលោម​ភាព​បាន​ផលប្រយោជន៍​អ្វីខ្លះ? សម្តេច​ថា ការ​ពង្រឹង​អនុលោម​ភាព គឺ​ការ​ពង្រឹង​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​មាន​សុវត្ថិភាព មាន​បរិស្ថាន​មួយ​ដែល​មាន​ភាព​ច្បាស់លាស់ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​សកម្មភាព​អាជីវកម្ម បង្កើត​នូវ​ការ​ទុកចិត្ត​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន និង​រវាង​រដ្ឋ និង​វិស័យ​ឯកជន និង​បរិស្ថាន​ធុរកិច្ច​ដែល​មាន​ស្ថិរភាព និង​មាន​លំនឹង​។

ដើម្បី​ងាយស្រួល​ស្តាប់ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ជា​ឧទាហរណ៍​បែប​ប្រៀបធៀប​ជាមួយនឹង​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឬ​ចរាចរណ៍​នៅ​ក្នុង​ក្រុង​មួយ ដែល​ជា​ការ​ប្រៀបធៀប​ទៅ​នឹង​បរិស្ថាន​នៃ​ធុរកិច្ច​ថា ប្រសិនបើ​ទីក្រុង​ស្ងាត់​មនុស្ស អត់​សូវ​មាន​ឡាន គឺ​អត់​សូវ​លំបាក​ទេ តែបើ​សិន​នៅ​ក្រុង​មួយ​នេះ មាន​មនុស្ស​ច្រើន មាន​ឡាន​ច្រើន មាន​ចរាចរណ៍​មមាញឹក ហើយ​អ្នកបើកបរ​មិន​គោរព​តាម​គោលការណ៍ ច្បាស់លាស់ ពោល​គឺ​ឱ្យ​តែ​ឃើញ​ប្រឡោះ​គឺ​ទៅ មិន​ថា​ភ្លើង​ក្រហម មិន​ថា​ភ្លើង​ខៀវ មិន​ថា​បញ្ច្រាស់ទិស សួរ​ថា តើ​យើង​ទៅ​យ៉ាងម៉េច0x017d7 អ្នក​ទាំងអស់​គ្នា​ដែល​នៅ​ទីនោះ​ពិតជា​លំបាក​ហើយ វា​អាច​បង្កើត​ជា​ហា​នី​ភ័យ​ក្នុង​ការ​ប៉ះទង្គិច​គ្នា ឬ​អាច​ទៅ​មុខ​បាន​ដោយ​យឺត​ៗ ដោយ​ភាព​លំបាក ហើយ​ប្រសិនបើ​ចរាចរណ៍​បែប​នេះ តើ​អ្នក​បើក ឡាន អ្នក​ជិះ​ម៉ូតូ អ្នក​ជិះ​កង់ អ្នក​ថ្មើរជើង​មាន​ភាព​ជឿជាក់​ដែរ​ទេ នោះ​ប្រហែលជា​អត់​ទេ​។ អនុលោម​ភាព​នេះ ប្រសិនបើ​ធ្វើ​ឱ្យ​សណ្តាប់ធ្នាប់​ក្នុង​ចរាចរណ៍​នេះ​វា​ទៅ​ស្រួល យើង​មានការ​ទុកចិត្ត​គ្នា ដែល​នៅ​ក្នុង​ធុរកិច្ច​ក៏​ដូច​គ្នា វិស័យ​ឯកជន​ក៏​ដូច​គ្នា ទាល់តែ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ទើប​ទៅ​រួច ដែល​ក្នុង​នោះ​ត្រូវ​រួម​គ្នា​ដើម្បី​ពង្រឹង​អនុលោម​ភាព ដែល​ពាក្យ​ថា អនុលោម​ភាព គឺ​បាន ន័យ​ថា គ្រប់​គ្នា​ត្រូវ​អនុវត្ត​ទៅ​តាម​គោលការណ៍​ឯកភាព​គ្នា ដើម្បី​ឱ្យ​យើង​មានការ​ប្រកួតប្រជែង​ដោយ​មិន​ហត់ អាច​ធ្វើ​ផែនការ​ដោយ​ងាយស្រួល ជម្រុញ​វិស័យ​ឯកជន បង្កើន​ភាព​ទុកចិត្ត​រវាង​រដ្ឋ និង​រដ្ឋ រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន បើ​សមាគម​ដាក់​ចេញ​ជា​គោលការណ៍​ហើយ សមាជិកសមាគម​ត្រូវ​តែ​អនុវត្ត តែបើ​មិន​អ៊ីចឹង​ទេតើ​បង្កើត​សមាគម​មក​ធ្វើ​អ្វី​៕

ប្រភព៖ AKP