សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ៤ខែ រាជរដ្ឋាភិបាល តាមរយៈ CDC បានអនុម័តលើ១២៨គម្រោងថ្មីនិងពង្រីក ជាមួយទុនវិនិយោគជាង២ពាន់លានដុល្លារ

0

ភ្នំពេញ៖ ឆ្លើយ​តប​នឹង​ការ​សើចចំអក ចំពោះ​ពាក្យ​ទាក់​ម៉ូយ ត្រូវ​បាន​សម្តេច​ធិ​បតី តប​ថា ទាក់​ម៉ូយ​មិនមែន​តែ​ខ្យល់​ទេ ទាក់​ម៉ូយ គឺ​បាន​ពិតប្រាកដ នៅ​ក្នុង​ផលប្រយោជន៍​សម្រាប់​ជាតិ​របស់​យើង ដោយ​ក្នុង​នោះ​រយៈពេល​តែ​៤​ខែ រាជរដ្ឋាភិបាល តាម​រយៈ​ទិន្ន័យ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​បង្ហាញ​លទ្ធផល​ជាក់ស្តែង គឺ​មាន​គម្រោង​១២៨​ថ្មី​និង​ពង្រីក ជាមួយ​ទុន​វិ​ន​យោគ ជាង​២​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ ១៣​ម៉ឺន​កន្លែង ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ ប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា និង​ពិសា​ភោជនាហារ​សាមគ្គី នា​ល្ងាច​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤​នេះ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា “​ខ្ញុំ​ឃើញ​តាម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន គេ​Troll គេ​ថា ទាក់​ម៉ូយ ឃើញ​តែ​ទាក់​ម៉ូយ ប៉ុន្តែ​មិនដឹង​ទាក់​ម៉ូយ​ចេញ​តែ​ខ្យល់ ខ្ញុំ​សូម​ជម្រាប​បែប​នេះ ទាក់​ម៉ូយ​មិនមែន​តែ​ខ្យល់​ទេ ទាក់​ម៉ូយ គឺ​បាន​ពិតប្រាកដ នៅ​ក្នុង​ផលប្រយោជន៍​សម្រាប់​ជាតិ​របស់​យើង​” ។

ក្នុង​នោះ​សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​ថា “​បើ​យើង​គិត​ត្រឹម រាប់​ពី​ខែមករា ទៅ​ខែមេសា ឆ្នាំ​២០២៤​នេះ រាជរដ្ឋាភិបាល​យើង តាម​រយៈ​ទិន្ន័យ CDC (​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​) បើ​យើង​និយាយ​ក្នុង​ទិន្ន័យ CDC គឺ​ការ​វិនិយោគ​ដែល​ចុះ​នៅ​ក្នុង​ប្រព័ន្ធ នៅ​ក្នុង​នោះ CDC រាជរដ្ឋាភិបាល បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ចំនួន​១២៨​គម្រោង ដែល​ក្នុង​នោះ​ទុន​វិនិយោគ មាន​២​ពាន់​៥​រយ​លាន​ដុល្លារ អាច​បង្កើត​ការងារ​១៣​ម៉ឺន​កន្លែង នៅ​ពេល​គម្រោង​នេះ​ចេញ​” ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ត​ថា “​ក្នុង​រយៈពេល​ដែល​យើង​ចាប់ផ្តើម ត្រឹមតែ​៤​ខែ​តែ​ប៉ុណ្ណោះ នេះ​ហើយ​ជា​លទ្ធផល នៃ​ការ​ខិតខំ​ប្រឹងប្រែង ទាក់​ម៉ូយ ទាំង​រាជរដ្ឋាភិបាល ទាំង​បងប្អូន​វិស័យ​ឯកជន​របស់​យើង ដែល​យើង​ធ្វើការ​រួម​គ្នា​” ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី ក៏​បានឱ្យ​ដឹង​ទៀត​ថា “​ល្ងាច​មិ​ញ​ខ្ញុំ​បាន​ចុះហត្ថលេខា ឯកភាព ផ្តល់​គោលការណ៍​ឯកភាព ទៅ​លើ​គម្រោង​វិនិយោគ​១៤ ។ ក្នុង​នាម​ជា​ប្រធាន CDC រាល់​គម្រោង​វិនិយោគ ដែល​មាន​លក្ខណៈ​ធំ ដែល​ឆ្លង​ច្រក​ចេញចូល​តែ​មួយ ត្រូវ​ឆ្លង​មក​ប្រធាន CDC ចឹ​ង​ល្ងាច​មិ​ញ​នេះ ខ្ញុំ​ចារ​ឯកភាព​ទៅ​លើ គ្រាន់តែ​គម្រោង​វិ​វិយោគ ចំនួន​១៤ គិត​ជា​ទុន​វិនិយោគ ៤៨០​លាន​ដុល្លារ គ្រាន់តែ​ល្ងាច​មិ​ញ​មួយ ។ នេះ​គឺជា​លទ្ធផល​ជាក់ស្តែង​ដែល​យើង​ទទួល​បាន ហើយ​នៅ​បន្ត​តទៅ​ទៀត​”៕

ប្រភព៖ AKP