ភ្នំពេញ៖ ដើម្បីសម្រេចបានគោលដៅឈានឆ្ពោះទៅចាប់នូវគោលដៅ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម នេះគឺជាកត្តាធំបំផុត ដែលកម្ពុជា ត្រូវតែមាន ជាពិសេសប្រវត្តិសាស្ត្រ ៥០០ឆ្នាំ ដែលកម្ពុជា បែក បាក់និងខ្ទិចខ្ទាំដូច្នេះការធានាដាច់ខាត នូវសុខសន្តិភាព ការពារឱ្យខានដាច់ខាត នូវការឯករាជ្យជាតិ សម្រាប់ទាក់ទាញអ្នកវិនិយោគ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ដើម្បីឱ្យសម្រេចបានគោលដៅដើម្បី ឱ្យ ប្រទេសកម្ពុជា ឈានឆ្ពោះទៅចាប់នូវគោលដៅ២០៥០ កាតព្វកិច្ច និងភារកិច្ចរបស់រាជរដ្ឋាភិបាល មានដូចជា ទី១ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម ទី២ រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទី៣ គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈការធានា នូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្តិដែលមានប្រសិទ្ធភាពច្បាស់លាស់ តម្លាភាព ទី៤ ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ ដែលផ្តល់ការលើកទឹកចិត្តផ្សេងៗ ដល់វិស័យឯកជន ទី៥ វិនិយោគិនទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង និងទី៦វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់ថា ក្នុងរយៈពេលជាង៨ខែនេះ ទី១ រាជរដ្ឋាភិបាល បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម នេះគឺជាកត្តាធំបំផុត ដែលកម្ពុជា ត្រូវតែមាន ជាពិសេសប្រវត្តិសាស្ត្រ ៥០០ឆ្នាំ ដែលកម្ពុជា បែក បាក់និងខ្ទិចខ្ទាំដូច្នេះការធានាដាច់ខាត នូវសុខសន្តិភាព ការពារឱ្យខានដាច់ខាត នូវការឯករាជ្យជាតិ គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាល បានដាក់ទិសដៅតាំងពីថ្ងៃទី១ ហើយមកដល់ម៉ោងនេះ យើងបានសម្រេច ទទួលបានលទ្ធផលនេះ នឹងបន្តថែរក្សាទៅទៀត នេះជាការចាំបាច់។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ពាក់ព័ន្ធទៅនឹងស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានបន្ត ជំរុញកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា បានកើនក្នុងរង្វង់៥% ហើយព្យាករណ៍ទៅមុខទៀត គឺយើងនឹងបន្តកាន់តែខ្ពស់ នៅក្នុងការរីកចម្រើននេះបង្ហាញថា កម្ពុជា និងកាន់តែមានសក្តានុពលធំបន្ថែមទៀត និងឱកាសច្រើនបន្ថែមទៀត សម្រាប់វិនិយោគទាំងក្នុងនិងក្រៅប្រទេស”៕
ប្រភព៖ AKP