ភ្នំពេញ៖ រាជរដ្ឋាភិបាលបានខិតខំក្នុងការជំរុញវិស័យឯកជន ដែលជាចលករដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេស ដោយវិស័យឯកជនគឺជាតួអង្គមួយដ៏សំខាន់នៅក្នុងការជម្រុញសេដ្ឋកិច្ចជាតិរបស់កម្ពុជា ដែលរដ្ឋធម្មនុញ្ញរបស់យើងបានប្រកាន់យកសេដ្ឋកិច្ចទីផ្សារដែលធានាកម្មសិទ្ធិឯកជន និងបើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋប្រកបរបរអាជីវកម្ម ប្រកបរបរទៅតាមអ្វីដែលគាត់ចង់ធ្វើនៅក្នុងក្របខ័ណ្ឌច្បាប់ដើម្បីធានាដល់ការរីកចម្រើនទាំងអស់គ្នា។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាក្យថា ដៃគូរវាងរដ្ឋ និងឯកជន ដែលយើងគិតថា ជាពាក្យ មួយម៉ាត់ ដែលយើងត្រូវធ្វើយ៉ាងណាឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពនោះ រាជរដ្ឋាភិបាល នីតិកាលទី៧ គឺយកចិត្តទុកដាក់នៅក្នុងការលើកម្ពស់តួនាទី សិទ្ធិរបស់វិស័យឯកជននៅកម្ពុជា ដើម្បីបានចូលរួមនៅក្នុងការជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឈានទៅដល់កម្ពុជាអាច សម្រេចបានចក្ខុវិស័យ២០៥០ ធ្វើយ៉ាងណាឱ្យកម្ពុជាប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និង ជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើនជាបន្តបន្ទាប់។ សម្តចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពាក្យថា ដៃគូមានន័យថា គឺចែកគ្នាក្នុងការទទួលផលក្នុងគ្រាល្អ ជួយគ្នាក្នុងគ្រាលំបាក។ សម្ដេចធិបតីបានលើកឡើងថា វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាលមានកាតព្វកិច្ច និងការការចូលរួមដើម្បីឱ្យភាពជាដៃគូនេះទទួលបានជោគជ័យ ដែលនៅក្នុងន័យនេះ កាតព្វកិច្ចរបស់រាជរដ្ឋាភិបាលមានការងារស្នូលជាច្រើនដែលយើងបានធ្វើក្នុងរយៈពេល ៤៥ឆ្នាំ ជាពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធានានូវស្ថិរភាព ធានានូវសន្តិភាព ធានានូវសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដើម្បីឱ្យប្រទេសយើងឈានទៅចាប់នូវគោលដៅឆ្នាំ ២០៥០។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កាតព្វកិច្ច និងភារកិច្ចរបស់រាជរដ្ឋាភិបាលត្រូវធានារួមមាន៖ ទី១. ការរក្សាសុខសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម, ទី២. រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ទី៣. គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈការធា នានូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ ដែលមានប្រសិទ្ធភាពច្បាស់លាស់ តម្លាភាព, ទី៤. ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយដែលផ្តល់ការលើកទឹកចិត្តផ្សេងៗដល់វិស័យឯកជន ក្នុងការវិនិយោគទៅលើធនធានមនុស្សទាំងសុខភាព ទាំងចំណេះដឹង និងទី៥. គឺវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗគឺ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីធានាកំណើនសេដ្ឋកិច្ចទៅបាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការបង្កើតឡើងនូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលត្រូវបានប្រកាសបើកឱ្យដំណើរការជាផ្លូវការនាពេលនេះ ដោយចាត់ទុកសមាគមមួយនេះគឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
សូមជម្រាបជូនថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា លី ឃុនថៃ ជាប្រធាន ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេសបណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ប្រភព៖ AKP