ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ អញ្ជើញ ជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី។
តាមរបាយការណ៍បានឱ្យដឹងថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ សមាស ភាព សមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន បរទេស មកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមសហព័ន្ធ អ្នក វិនិយោគ កម្ពុជា បានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលទៅលើសកម្មភាព របស់ សមាគម។
សូមពញ្ជាក់ថា សមាគមសហ ព័ន្ធ អ្នកវិនិយោគកម្ពុជា កើតចេញពីការផ្តួចផ្តើមរួមគ្នាដោយសមាគមចំនួន៩ រួមមាន៖ សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន, សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា,សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ,សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និងសមាគមសហភាពអ្នកដឹកនាំ។
តាមរយៈសមាគមជាសមាជិកទាំង៩នេះ បានចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសវិនិយោគនៅកម្ពុជាសរុបជាង ១៥ពាន់ ២រយលានដុល្លារអាម៉េរិក និងផ្តល់ការងារជូនកម្មករ និយោជិតជាង ៦សែន ៤ម៉ឺននាក់។
អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្តេជ្ញាអនុវត្តសកម្មភាពចាំបាច់ និងបន្តដាក់ចេញផែន ការ ក្នុង ការសម្រេចគោលដៅរួមខាងលើ ដោយផ្តោតលើ៖
១៖ រៀបចំព្រឹត្តិការណ៍ និងវេទិកាធុរកិច្ច ថ្នាក់ជាតិ និងអន្តរជាតិ ជាប្រចាំ យ៉ាងតិចអោយបាន ៣ ទៅ ៤ដង ក្នុងមួយឆ្នាំ ដើម្បីផ្តល់ជាវេទិកាជូនដល់វិនិយោគិនជាតិ និងអន្តរជាតិ មានឱកាស សិក្សាស្វែងយល់ និង ស្វែងរកឱកាសសហការវិនិយោគរួមគ្នា។
២៖ រៀបចំកម្មវិធីតាំងពិព័រណ៍ទាំងក្នុង និងក្រៅប្រទេស ជាប្រចាំឱ្យបានយ៉ាងតិច ៣ ទៅ ៤ដង ក្នុងមួយឆ្នាំ ដើម្បីផ្ដល់ឱកាសដល់ វិនិយោគិនជាតិ និងអន្តរជាតិ បានដាក់តាំងបង្ហាញផលិតផល សេវាកម្ម និងផ្សព្វផ្សាយពីការវិនិយោគរបស់ខ្លួន ក្នុងន័យកសាងទំនាក់ទំនង
ពង្រីកទីផ្សារ និងជំរុញការសហការរវាងគ្នាទៅវិញទៅមក។
៣៖ សម្របសម្រួលវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការធ្វើទស្សនកិច្ចទាំងក្នុង និងក្រៅ ប្រទេស ជុំវិញពិភពលោក ដើម្បីជួយផ្សព្វផ្សាយ និង បង្កើនឱកាសវិនិយោគ ជូនដល់វិនិយោគិន។
៤៖ ជំរុញការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងវិនិយោគិន សហគ្រាស និងសមាគម ដើម្បីពង្រីកការសហការ និងការវិនិយោគបានកាន់តែទូលំទូលាយ។
៥៖ បន្តចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌នានា ដោយរួមចំណែកជាមួយរាជរដ្ឋា ភិបាល កម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តនៃការចែករំលែក និងលើកកម្ពស់ជីវភាពនៃការរស់នៅ ប្រកប ដោយភាពសុខដុមរបស់ប្រជាជន៕
ប្រភព៖ AKP