ព្រះសីហនុ៖ លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុក វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរ អង្គភាពពាក់ព័ន្ធចុះពិនិត្យ សិក្សាអំពីផលប៉ះពាល់នៅតាមបណ្ដោយផ្លូវ ជាតិលេខ៤ ចាប់ពីរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតមកដល់ មុខផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។
លោក គង់ វិតាណៈ បានថ្លែងថា ក្នុងកិច្ចប្រជុំនាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តព្រះសីហនុ ត្រៀមកូនក្ងោកចំនួន ៦ពាន់ដើម ដើម្បីធ្វើការដាំដុះកូនក្ងោកនៅ អមសងខាងផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលឃុំរាម រហូតមកដល់កំពង់ផែក្រុងព្រះសីហនុ ដើម្បីលើកកម្ពសសោភណភាព និងបរិស្ថាននៅតាមបណ្ដាផ្លូវចូលមកក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀត ការដាំដុះកូនក្ងោកនៅអមសងខាងផ្លូវខាងលើនេះ គឺមានចន្លោះទៅតាមស្ថាន ភាពជាក់ស្តែងអាចពី ៥ម៉ែត្រ ក្នុងមួយដើម ឬរហូតដល់ទៅ ៨ម៉ែត្រ ដើម្បីធ្វើយ៉ាងណាឱ្យការ ដាំដុះកូនឈើនៅក្នុងក្រុងព្រះសីហនុ ឱ្យមានសោភណភាព ព្រោះកាលណាបើទីក្រុងរបស់ យើងមានសោភណភាពស្អាត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគេនឹងចាប់ អារម្មណ៍មកលេងកម្សន្ត និងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងជាក់ ជាមិនខាន។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរបានធ្វើការបណ្តុះកូនក្ងោកនេះបានគ្រប់ចំនួនរួចហើយ ចំពោះគ្រាប់ ពូជទៀត សោត គឺយើងយកមកពីកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ឈរជើងនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ជាសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ ហើយជារៀងរាល់ឆ្នាំប្រតិភូខេត្តព្រះសីហនុ តែងតែនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាចែកជូនកងទ័ព និងគ្រួសារ ទ័ពជារៀងរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការដាំកូនក្ងោកនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលជិតព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ រហូតមកដល់កំពង់ផែក្រុងព្រះសីហនុ គ្រោងធ្វើការដាំដុះ កូនក្ងោកជាង ៦ពាន់ដើម ហើយជំហានដំបូងគឺដាំជាង ៣ពាន់ដើម ដែលចាប់ផ្ដើមពី ច្រកចូលផ្លូវល្បឿនលឿន រហូតដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០២៤ខាងមុខ ដើម្បីចូលរួមលើកកម្ពស់សោភណភាព បរិស្ថានខេត្តព្រះសីហនុកាន់ តែមានភាពស្រស់បំព្រងបន្ថែមទៀត។
សូមរម្លឹកថា នៅតាមដងផ្លូវទាំង ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការដាំដុះឈើចំនួន ៨ប្រភេទផ្សេងៗគ្នា ទៅតាមខ្សែផ្លូវនីមួយៗ ដើម្បីលើកកម្ពស់សោភណភាព បរិស្ថានក្នុងក្រុងព្រះសីហនុឱ្យកាន់ តែមានភាពស្រស់ស្អាត ជាទីក្រុងទំនើបស៊ីវីល័យ៕
ប្រភព៖ AKP