រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គាំទ្រសកម្មភាព គម្រោងកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់ជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ

0

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​គាំទ្រ​ដល់​សកម្មភាព​របស់​លោក ទីវ តារា​រិ​ទ្ធិ អ្នក​បង្កើត​មាតិកា និង​ជា​អ្នក​ផ្សងព្រេង​ឯករាជ្យ ក្នុង​ការ​បង្កើត​នូវ​គម្រោង​កម្មវិធី​ជិះ​កង់ ដើម្បី​សប្បុរសធម៌​សម្រាប់​រៃ​អង្គាស​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​គ្រោង​នឹង​ចេញដំណើរ​ពី​ខែមិថុនា ឆ្នាំ​២០២៤ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៥ ដោយ​ឆ្លងកាត់​បណ្ដា​ប្រទេស​នានា​ក្នុង​ទី្វ​ប​អាស៊ី រហូត​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអឺរ៉ុប​។ ការ​លើក​ឡើង​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​បែប​នេះ ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ លោក ទីវ តារា​រិ​ទ្ធិ អ្នក​បង្កើត​មាតិកា និង​ជា​អ្នក​ផ្សងព្រេង​ឯករាជ្យ ក្នុង​ការ​បង្កើត​នូវ​គម្រោង​កម្មវិធី​ជិះ​កង់ ដើម្បី​សប្បុរសធម៌​សម្រាប់​រៃ​អង្គាស​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​ក្រុមការងារ ចូល​ជួប​សម្តែង​ការ​គួរសម និង​ផ្តល់​អនុសាសន៍ សុំ​ការ​គាំទ្រ​គម្រោង​កម្មវិធី​ជិះ​កង់​សប្បុរសធម៌ “Travel with Rith – Travel the World by Bicycle” ក្នុង​ប្រទេស​ចំនួន ២៥ ប្រទេស ពី​ទ្វីបអាស៊ី​ទៅ​ទ្វីបអឺរ៉ុប ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង និង​រៃ​អង្គាស​ថវិកា​សម្រាប់​មន្ទីរពេទ្យ ក្នុង​ឱកាស​អបអរសាទរ​ខួប ២៥​ឆ្នាំ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។

ឯកឧត្ដម នេត្រ ភក្ដ្រា បាន​មាន​ប្រសាសន៍​គាំទ្រ​នូវ​សកម្មភាព​សប្បុរសធម៌​ក្នុង​កម្មវិធី​ជិះ​កង់​សប្បុរសធម៌​នេះ ហើយ​ក្រសួង​ព័ត៌មាន​ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ នឹង​ជួយ​ផ្សព្វផ្សាយ​បន្ដ​នូវ​សកម្មភាព​របស់ លោក ទីវ តារា​រិ​ទ្ធិ ក្នុង​ពេល​ធ្វើ​ដំណើរ​ជិះ​កង់​ដើម្បី​រៃ​អង្គាស​ថវិកា​នៅ​តាម​ប្រទេស​ណាមួយ ឬ​ទៅ​ដល់ទី​តាំង កន្លែង​ណាមួយ ដើម្បី​បង្ហាញ​នូវ​សកម្មភាព រូបភាព វី​ដេ​អូ ឯកសារ​ទាំងនោះ​។ ឯកឧត្ដម​បាន​បញ្ជាក់​ថា ការ​គាំទ្រ​នេះ ផ្ដោត​លើ​ពីរ​ចំណុច​សំខាន់ ដោយ​ចំណុច​ទី​១ គឺជា​ការ​លើកទឹកចិត្ដ​ដល់​យុវជន​ក្នុង​ការ​ធ្វើ​សកម្មភាព​មនុស្សធម៌​ដែល​ជា​ការ​ចូលរួម​លះបង់​ទាំង​កម្លាំងកាយ​កម្លាំងចិត្ដ​ក្នុង​ការ​ជួយ​ដល់​កុមារ​កម្ពុជា​។ ចំណុច​ទី​២ គឺ​បង្ហាញ​ពី​យុវជន​ខ្មែរ​ម្នាក់​ដើរ​នៅ​តាម​បណ្ដា​ប្រទេស​ចាប់តាំងពី​ទ្វីបអាស៊ី រហូត​ដល់​ទ្វីបអឺរ៉ុប​ដោយ​យក​ទង់ជាតិ​របស់​កម្ពុជា ដើម្បី​បង្ហាញ​ឱ្យ​គេ​ស្គាល់​ប្រទេស​របស់​យើង ដែល​សម្មភាព​នេះ​ក៏​ជា​មោទនភាព​សម្រាប់​ជាតិខ្មែរ​យើង​ដែរ​។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​អះអាង​ថា​៖ «​នេះ​គឺជា​ភ្ជាប់​ជាមួយនឹង​វប្បធម៌ អរិយធម៌ និង​ទំនៀមទម្លាប់​ជាមួយនឹង​កេរ្ដិ៍​របស់​កម្ពុជា​យើង​ដែល​ជា​សកម្មភាព​នៃ​មនុស្សធម៌​ក្នុង​ការ​ជួយ​ទៅ​ដល់​កុមារ​។ សកម្មភាព​នេះ​ក៏​ជា​ការ​ផ្សព្វផ្សាយ​នូវ​មេត្ដាធម៌ គុណធម៌​របស់​ប្រជាជន​កម្ពុជា​ទៅ​ដល់​ប្រជាជន​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​។ នេះ​គឺជា​ចំណុច​មួយ​ដែល​យើង​ចាំបាច់​ត្រូវ​គាំទ្រ​។​»

ឯកឧត្ដម នេត្រ ភក្ដ្រា ក៏​បាន​លើកទឹកចិត្ដ និង​ណែនាំ​ឱ្យ​លោក ទីវ តារា​រិ​ទ្ធិ សូម​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ក្នុង​ខណៈ​ពេល​ដែល​ការ​ធ្វើ​ដំណើរ​ជិះ​កង់​ឆ្លងកាត់​ផ្លូវ​ដ៏​វែង​ឆ្ងាយ ដើម្បី​រៃ​អង្គាស​ថវិកា​យក​មក​ជួយ​ដល់​កុមារ​កម្ពុជា និង​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ច​ការងារ​នេះ​។

លោក ទីវ តារា​រិ​ទ្ធិ អ្នក​បង្កើត​មាតិកា និង​ជា​អ្នក​ផ្សងព្រេង​ឯករាជ្យ ក្នុង​ការ​បង្កើត​គម្រោង​កម្មវិធី​ជិះ​កង់ ដើម្បី​សប្បុរសធម៌​សម្រាប់​រៃ​អង្គាស​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​បានឱ្យ​ដឹង​ថា ការ​បង្កើត​គម្រោង​កម្មវិធី​ជិះ​កង់​សប្បុរសធម៌​នេះ បន្ទាប់​ពី​លោក​បញ្ចប់​បេសកកម្ម​ការ​ជិះ​កង់​នៅ​តាម​តំបន់​ភូមិភាគ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​២០២៣​កន្លង​ទៅ ដែល​លោក​នៅ​តែ​មាន​គោលបំណង​បន្ត​ដំណើរការ​ជិះ​កង់​បន្ត​ទៀត ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ផង​។ លោក​បាន​បញ្ជាក់​ពី​គម្រោងការ​ជិះ​កង់​នេះ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ដើមខែ​មិថុនា ឆ្នាំ​២០២៤ ហើយ​គ្រោង​នឹង​ចេញដំណើរ​ពី​ខេត្តសៀមរាប ឆ្ពោះទៅ​បណ្តា​ប្រទេស​នានា ក្នុង​អាស៊ី ដូច​ជា ឡាវ ថៃ ឆ្ពោះទៅ​ប្រទេស​បង់​ក្លា​ដែ​ស ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ី​រ៉​ង់ និង​ឆ្ពោះទៅ​ទ្វីបអឺរ៉ុប ដូច​ជា​ប្រទេស​ទួ​ក​គី​ជាដើម ដោយ​ដំណើរការ​ជិះ​កង់​នេះ​ត្រូវ​ចំណាយពេល​១​ឆ្នាំ​ពេញ នៅ​លើ​ដងផ្លូវ​នៃ​បណ្តា​ផ្លូវ​នានា​នៃ​២៥​ប្រទេស​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​គោលបំណង​នៃ​ការ​ជិះ​កង់​នៅ​ប្រទេស​ចំនួន​២៥​ប្រទេស​នេះ គឺ​ចង់បាន ២៥​ម៉ឺន​ដុល្លារ ដើម្បី​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ ដែល​កំពុង​បំពេញបេសកកម្ម​ជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា ជា​ពិសេស​គឺ​ការ​វះកាត់​កុមារ​ដែល​កើត​ជំងឺមហារីក ដោយ​ឥត​គិតថ្លៃ​»​។

លោក ទីវ តារា​រិ​ទ្ធិ បង្ហាញ​នូវ​ក្ដី​សង្ឃឹមថា គម្រោង​កម្មវិធី​នេះ​ដោយសារ​តែ​យើង​ទើបនឹង​បញ្ចប់​បេសកកម្ម​ជិះ​កង់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៣​កន្លង​ទៅ គឺ​មាន​ចរន្ត​ជួយ​គាំទ្រ​យ៉ាងច្រើន មិន​ត្រឹមតែ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ខ្មែរ​នៅ​ក្រៅប្រទេស ដូច​ជា​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​អាស៊ី​ផង​ដែរ ហើយ​សូ​ម្បី​តែ​ជនជាតិ​បរទេស​ក៏​ចាប់អារម្មណ៍​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង ការ​ផលិត​វី​ដេ​អូ ការ​ថតរូប​របស់​លោក​ផង​ដែរ តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដូច​ជា​ហ្វេ​ស​ប៊ុ​ក យូ​ធូប និង​អ៊ី​ន​ស្ដា​ក្រាម ជាដើម​។

លោក​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​បង្កើត​កម្មវិធី​ជិះ​កង់​សប្បុរសធម៌​នេះ​ឡើង ដោយ​បាន​រម្លឹក​ថា ចាប់តាំងពី​ឆ្នាំ​២០១៧ លោក​ធ្លាប់​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​កង់ នៅ​តាម​តំបន់​ទេសចរ នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរ​គ្រប់កន្លែង ជា​ពិសេស​តំបន់​ទេសចរណ៍ធម្មជាតិ ហើយ​លោក​បានឃើញ​ជាក់ស្តែង​អំពី​ជីវភាព​របស់​ប្រជាជន ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​មានការ​ខ្វះខាត​ច្រើន ដូច​ជា​ខ្វះខាត​សាលារៀន ខ្វះខាត​មន្ទីរពេទ្យ ខ្វះខាត​ថ្នាំពេទ្យ ពិសេស​សម្រាប់​ក្មេង​ៗ​ដែល​មានការ​លំបាក​។ ទន្ទឹម​នេះ លោក​មាន​បំណងប្រាថ្នា​មួយ​ថា​ថ្ងៃ​ណាមួយ លោក​ចង់​ប្រើ​ជំនាញការ​ដើរ​ផលិត​វី​ដេ​អូ​ឯកសារ និង​ការ​ថតរូប​ភាព​នេះ ដោយ​ចង់​ចូលរួម​ចំណែក​ជួយ​ដល់​អ្នក​ខ្វះខាត​។

លោក ទីវ តារា​រិ​ទ្ធិ បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២២-២០២៣ ក៏​មាន​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាក់ទង​មក ស្របគ្នា​នឹង​គោលបំណង​របស់​លោក​ដែល​ចង់​ធ្វើ​ដែរ ដូច្នេះ​ហើយ​លោក​ក៏​បាន​ចាប់​យក​ឱកាស​ការងារ​នេះ គឺ​ការ​ជិះ​កង់​នៅ​តាម​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​រៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​ជួយ​ដល់​មន្ទីរពេទ្យ​។ លោក​បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា​៖ «​ការ​ជិះ​កង់ ធ្វើ​ដំណើរ​ផលិត​វី​ដេ​អូ ថតរូប​ឯកសារ​នេះ ក៏​បាន​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម និង​បាន​រៃ​អង្គាសប្រាក់​ជួយ​ដល់​កុមារ​កម្ពុជា ហើយ​លោក​បាន​អំ​នាវ​ដល់​សប្បុរសជន​នានា​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ បរិច្ចាគ​ជា​ថវិកា បើ​ទោះ​តិច​ក្ដី ច្រើន​ក្ដី ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា ដែល​កំពុង​មាន​ជំងឺ ក្នុង​ការ​ព្យាបាល និង​វះកាត់​នៅ​ក្នុង​មន្ទីរពេទ្យ​»​។

បើ​យោង​តាម​បទ​ពិសោធន៍​របស់​លោក ទីវ តារា​រិ​ទ្ធិ បានឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ជិះ​កង់​របស់​លោក​ក្នុង​មួយ​ថ្ងៃ បើ​ផ្លូវ​ល្អ​ស្អាត ធម្មតា អាច​ជិះ​កង់​បាន​ចាប់ពី​១០០ គីឡូម៉ែត្រ ទៅ​១៤០ គីឡូម៉ែត្រ តែបើ​ផ្លូវ​ឡើង​ភ្នំ ក្នុង​មួយ​ថ្ងៃ អាច​ជិះ​បាន​ប្រមាណ​៤០ ទៅ ៥០ គីឡូម៉ែត្រ ហើយ​បើ​ថ្ងៃ​ខ្លះ​មាន​ភ្លៀង​ធ្លាក់ ឬ​អាកាសធាតុ​មិនល្អ យើង​ជិះ​ក៏​មិន​អាច​ជិះ​កង់​ច្រើន​គីឡូម៉ែត្រ​ដែរ​៕

ប្រភព៖ AKP