ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ នៅស្រុកក្រគរ

0

ពោធិ៍សាត់៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ៖១-ឈ្មោះ រឿន សុីអុិក ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(គ្មានសារធាតុញៀន)។ ២-ឈ្មោះ ឡើង សៅរ៍រុំ ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (គ្មានសារធាតុញៀន) និង ៣-ឈ្មោះ វិច វុធ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (គ្មានសារធាតុញៀន) នឹងវត្ថុតាងម៉ូតូចំនួន២គ្រឿង១-ម៉ាកឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ផលិតឆ្នាំ២០២៤ លេខម៉ាស៊ីន ND125NE0005181 (ប្រគល់ជូនម្ចាស់វិញ) ២-ម៉ាកឌ្រីម ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់1L-5781 ផលិតឆ្នាំ២០២២ លេខម៉ាស៊ីន ND125ME6132509។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤៥នាទី មានករណីចោរលួចម៉ូតូ១គ្រឿង កើតហេតុនៅចំណុចវត្តភ្នំហែផ្កា ស្ថិតនៅភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះឈ្មោះ ជុំ សុផល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា យោងតាមកំណត់ហេតុបំភ្លឺ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទី ខ្លួនបានធ្វើដំណើរចេញពីផ្ទះនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកលេងកម្មវិធីបុណ្យឆ្លងឆ្នាំនៅវត្តភ្នំហែរផ្ការ ពេលមកដល់ខ្លួនក៏បានដាក់ម៉ូតូក្បែរអ្នកលក់អីវ៉ាន់ហើយក៏បិទសន្ទះសោរ រួចក៏ដើរមើលគេបាត់ទៅ រហូតដល់វេលាម៉ោង១៧ និង ៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានដើរមករកម៉ូតូដើម្បីជិះទៅផ្ទះ ពេលមកដល់ក៏មិនបានឃើញម៉ូតូនៅនឹងកន្លែង ក៏បានឲ្យមិត្តភ័ក្តជួយដើររកតែរកមិនឃើញ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចដែរនៅទីនោះឲ្យជួយរកបន្ទាប់មកខ្លួនក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលត្នោតជុំ នឹងសម្ភារៈបាត់បង់មានម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ លេខម៉ាស៊ីន ND125NE0005181។

យោងតាមបញ្ជារឯកឧត្តម កូយ កាន់យ៉ា ព្រៈរាជអជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩និង៣នាទី ឲ្យឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីចាត់ការបន្តតាមនីតិវិធី៕