បាត់ដំបង៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៥០នាទី នៅចំណុចក្រុមទី០៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក សង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុក សង្កែ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀង ភក្រ្តា ហៅសុះ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1L-6271 ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤និង២៦នាទី នៅចំណុចក្រុមទី៣៩ ភូមិបោះពោធ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចបានបន្តកិច្ច ប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ ០២នាក់ទៀត ១-ឈ្មោះ ឡឹក កញ្ញា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅក្រុមទី៣៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និង២-ឈ្មោះ ថោង សុថាវីរៈ ហៅស៊ីវ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្រុមទី៣៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងឆែកឆេរយកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ។
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន០២គ្រឿង។
សមត្ថកិច្ចបញ្ជាក់អោយដឹងថា ជនសង្ស័យម្នាក់ឈ្មោះ សៀង ភក្រ្តា ហៅសុះ មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧៥៨ត.ព្រ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ របស់លោក គឹម ហេង ចៅក្រមជំនុំជម្រះនៃសាលាដំបងខេត្តបាត់ដំបង ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣២ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕