ភ្នំពេញ៖ ខ្ញុំសូមរម្លឹកថា, កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និង លើសកលលោក ។ មុនវិបត្តិនៃជំងឺកូវីដ-១៩, កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែង ខាងមុខ។ នេះជាកាថ្លែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ” នាព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា មួយចំណែកធំនៃកំណើនខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម ។ ជាក់ស្ដែង, ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣%ក្នុងចន្លោះឆ្នាំ ២០១៧ដល់ឆ្នាំ ២០២៣, និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាម៉េរិក, ឬ ស្មើនឹង៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣ ។
ក្នុងត្រីមាសទី ១ នៃឆ្នាំ២០២៤, និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ ១៧,២% ។ក្នុងន័យនេះ, រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវ គោលនយោបាយ,យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់, ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការអនុវត្តជាក់ស្តែង ជាបន្តបន្ទាប់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាល, តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានខិតខំធ្វើទំនើបកម្មជាច្រើន លើការងារសំខាន់ៗរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល; ម្យ៉ាង, ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់ខ្លួន; និងម្យ៉ាងទៀត, ក្នុងគោលបំណងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និង ពង្រីកវិសាលភាពទីផ្សារ និង កាលានុវត្តភាពសេដ្ឋកិច្ច សម្រាប់កម្ពុជាតាមរយៈការកាត់បន្ថយនីតិវិធីរដ្ឋបាល និង ចំណាយលើសេវាសាធារណៈ, និងជាពិសេស ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការពាណិជ្ជកម្មរបស់វិស័យឯកជន។ ស្របតាមនិន្នាការតំបន់ និង សកល, រាជរដ្ឋាភិបាល បានកំណត់យកបច្ចេកវិទ្យា,ជាពិសេស បច្ចេកវិទ្យាឌីជីថល កាតាលីករគន្លឹះមួយ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យ កសាងសេដ្ឋកិច្ច, សង្គម និង រដ្ឋាភិបាលឌីជីថល រស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការចាប់យក និង ការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់ស្ថាប័ន រដ្ឋ និង ឯកជន។
បន្ថែមលើនេះ, នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា,រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបានបន្ថែម «បច្ចេកវិទ្យា» ជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និងបរិវត្តកម្មឌីជីថល ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និង មធ្យោបាយ ដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
ទន្ទឹមនេះ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការកែសម្រួលនិង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន៕
ប្រភព៖ AKP