សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច

0

ភ្នំពេញ៖ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ នឹង​ក្លាយជា​តួអង្គ​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​សម្រាប់​ធុរកិច្ច ដែល​ធ្វើ​ឱ្យ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​យើង កាន់តែ​មាន​ប្រសិទ្ធភាព និង មាន​លទ្ធភាព ត​ភ្ជាប់ ទៅ​នឹង​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​សម្រាប់​ធុរកិច្ច ផ្សេង​ទៀត ក្នុង​តំបន់ និង លើ​សកលលោក​។ នេះ​ជា​កា​ថ្លែង​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី “​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​” នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៧ ខែឧសភា ឆ្នាំ​២០២៤​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី រំពឹង​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ នឹង​ក្លាយជា​គំរូ​ជោគជ័យ​មួយទៀត​នៃ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​របស់​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល ដែល​បាន​ជម្នះ​នូវ​ការ​លំបាក​ទាំងឡាយ ក្នុង​ដំណើ​ការ​នៃ​ការ​សម្របសម្រួល​ស្ថាប័ន ។ ក្នុង​ន័យ​នេះ​, ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ អាច​ចាត់​ទុក​បាន​ថា ជា​ជោគជ័យ​រួម​គា្ន ឬ​ជា សមិទ្ធផល​រួម​គ្នា របស់​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ការងារ តាម​អភិក្រម “​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​” (Dynamics of Stakeholder System) ការ​ធ្វើកា​រួម​គ្នា​ប្រកបដោយ​ជោគជ័យ​នេះ ក៏​បាន​ហុច​ផល​ដល់​វិស័យ​ឯកជន​ដែល​នឹង​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន ពី​ប្រព័ន្ធ​បញ្ហារ​តែ​មួយ​ជាតិ ជា​អាទិ៍ ៖ ចំណេញ​ពេល និង​ការ​កាត់​បន្ថយ​ចំណាយ ដោយ​មិន​ចាំបាច់​ត្រូវ​រត់ការ​ពី​ក្រសួង​-​ស្ថាប័ន​មួយ ទៅ​ក្រសួង​-​ស្ថាប័ន​មួយទៀត​នោះ​ទេ​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា កា​រត​ភ្ជាប់​គ្នា​ជា​ខ្សែ​ច្រវាក់​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ពី​ប្រព័ន្ធ​មួយ ទៅ​ប្រព័ន្ធ​មួយទៀត របស់​ក្រសួង​-​ស្ថាប័ន ចំនួន ២១ តាម​រយៈ​ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា​, ឬ​ហៅ​ថា CamDX, ដែល​អនុញ្ញាត​ឱ្យ​យើង​អាច​បង្កើត​នូវ​សវា​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​ផ្សេង​ទៀត ដោយ​កាត់​បន្ថយ​នូវ នីតិវិធី​ស្មុគស្មាញ និង ពេល ដ៏​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​បែប​នេះ ពិតជា​មាន

សារៈសំខាន់ ដែល​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី យល់​ថា អាច​បង្កើត​ជា​គំរូ ឬ ក្របខ័ណ្ឌ​ការងារ​ថ្មី​មួយទៀត ដែល​ជា​មូលដ្ឋាន​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​លើក​ស្ទួយ​បរិយាកាស​ធ្វើ​ធុរកិច្ច និង ការ​សម្រួល​ពាណិជ្ជកម្ម ក៏​ដូច​ជា​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជា​រួម​តែ​ម្ដង ។ ក្នុង​ន័យ​នេះ​,​ការ​បន្ត​យកចិត្តទុកដាក់​ពង្រឹង និង ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​នេះ ពិតជា​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ ដែល​អាច​ចាត់​ទុក​ថា ជា​ក្របខ័ណ្ឌ​រួម​មួយ​នៃ​ការ​កែទម្រង់​របស់​យើង សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ឱ្យ​ដឹង​បន្ថែម​ថា ស្ថិត​ក្នុង​បរិការណ៍​បច្ចុប្បន្ន និង ក្នុង​រយៈពេល​មធ្យម ទៅ​អនាគត​, យើង​រំពឹង​ថា សេដ្ឋកិច្ច តំបន់ និង សកលលោក​ទាំងមូល នឹង​បន្ត​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​។ ក្នុង​ន័យ​នេះ​, កម្ពុជា ត្រូវ​ត្រៀមខ្លួន​ឱ្យ​ល្អ សម្រាប់​ភាព​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ណាមួយ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ តាម​រយៈ​ការ​ជំរុញ​ការ​កែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង កាន់តែ​ខ្លាំងក្លា​ឡើង សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​, បង្កើន​ពិពិធ​កម្ម និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច និង សង្គម​ជាតិ​៕

ប្រភព៖ AKP