ភ្នំពេញ៖ ក្រសួងព័ត៌មានបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាននៅថ្ងៃទី០៧ និងទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដែលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១ ៨៤០ នាក់ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន។ នេះគឺជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖ «យើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នារាប់ទាំងរូបខ្ញុំផងដែរ»។
ជាមួយគ្នាននេះ ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសយងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរនោះ បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា។ ទន្ទឹមនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានគោរពថ្លែងអំណរគុណឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានអនុញ្ញាតផ្តល់មន្ត្រីបច្ចេកទេសជួយធ្វើតេស្តរកសាធារតុញៀន។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រី ទីប្រឹក្សា ជំនួយការទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ។
តាមរយៈរបាយការណ៍លើកឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនបានចាត់តាំងអនុវត្តន៍បទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន ៥៦ ៤៤៥ រូប ក្នុងនោះ មានលទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹកមូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
ជាមួយមួយគ្នានេះផងដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តន៍បទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕
ប្រភព៖ AKP