សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ប្រព័ន្ធបញ្ជរតែមួយជាតិនឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្មនៅកម្ពុជា

0

ភ្នំពេញ៖ «​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ប្រឹងប្រែង ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​លើកកម្ពស់ កំណើន សេដ្ឋកិច្ច​នៅ​កម្ពុជា​»​។ នេះ​ជា​កា​ថ្លែង​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ចូលរួម​ពិធី “​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​” នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៧ ខែឧសភា ឆ្នាំ​២០២៤​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ថា ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ ស្រប​តាម​យុទ្ធសាស្ត្រ និង គោលនយោបាយ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ផ្តល់​និង​ទទួល​អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និង​ឯកសារ​ផ្សេង​ទៀត ក្នុង​ទម្រង់​អេ​ឡិ​ក​ត្រូ​និក សម្រាប់​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ។

លើស​ពី​នេះ​ទៅ​ទៀត ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ គឺជា​ការ​រួមចំណែក​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​ការ​វិនិយោគ​ប្រកបដោយ​សមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យ​ភាព និង​សុក្រឹតភាព​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​សម្រាប់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​។

រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដោយ​បាន​កំណត់​អាទិភាព​ចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​។ ក្នុង​នោះ បច្ចេកវិទ្យា គឺជា​អាទិភាព​ថ្មី​មួយ ដែល​បាន​កំណត់​នៅ​ក្នុង​បញ្ច​កោណ​ទី​៥ គឺ​ការ​កសាង​សេដ្ឋកិច្ច និង សង្គម​ឌី​ជី​ថ​ល ហើយ​ការ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ តាម​អន​ឡាញ នឹង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​ការ​វិនិយោគ​ប្រកបដោយ​សមធម៌​៕

ប្រភព៖ AKP