បន្ទាយមានជ័យ៖ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំ បានឱ្យ ដឹងកាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានត្រៀមរួចអស់ ហើយនូវសម្ភារ សម្រាប់ជួយអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋដែល រងគ្រោះមហន្តរាយផ្សេងៗ មិនថាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬគ្រោះរាំងស្ងួតនោះឡើយ គឺកម្លាំងត្រៀមខ្លួនជានិច្ច២៤ម៉ោងលើ២៤ម៉ោង បន្ទាប់ពីមានបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យកងកម្លាំងប្រដាប់ អាវុធទាំងអស់ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងបានអូស បន្លាយពេលវេលានេះ។
លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បញ្ជាក់ថា កងពលតែងតែចេញបទបញ្ជាជាប្រចាំ ពាក់ព័ន្ធនឹងការ ប្រុងប្រៀបកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋលើគ្រប់បញ្ហាទាំងអស់ ជាពិសេសទាក់ទងនឹងកង្វះទឹកនេះ គឺអង្គភាពបានចេញបទបញ្ជាឱ្យត្រៀមរថយន្ត ធុងទឹករួចអស់ហើយ ដរាបណាបងប្អូនប្រជាពលរដ្ឋមានបញ្ហា ឬមានបទបញ្ជារបស់យោធភូមិភាគទី៥ កងកម្លាំងនឹងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗតែម្តង ដោយមិនចាំយូរនោះឡើយ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានបញ្ជាក់ផងដែរថា មួយរយៈកាលកន្លងមកនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក៏បានចុះ អន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃ និងផ្ទះបងប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរ ហើយមួយវិញទៀត ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាអ្វីគឺកងពលតូចថ្មើរជើងលេខ៥១ មានកម្លាំង និងសម្ភារនៅក្នុងដៃសម្រាប់ជួយគ្រប់ពេលវេលាទាំងអស់។
សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើង ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហា កង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះសីណ្ហភាពបានឡើងកម្តៅជាខ្លាំងនៅទូទាំងពិភពលោក ខណៈកម្ពុជាក៏កំពុងជួបប្រទះនឹង បញ្ហារលកកម្តៅនេះផងដែរ។ សម្តេចក៏បានឱ្យគោលការណ៍ទៅក្រសួង ស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋាន ប្រុងប្រយ័ត្នលើករណីភ្លើងឆេះ បញ្ហាកង្វះទឹកប្រើប្រាស់ ដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជាបន្ទាន់ចំពោះករណីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, អគ្គស្នងការ កងនគរបាលជាតិ គឺត្រៀមកម្លាំងនៅតាមទីកន្លែងដែលអាចត្រៀមអន្តរាគមន៍ ក្នុងករណីដែលរដូវប្រាំង មិនមានភ្លៀងយូរជាងនេះ ហើយបើតាមឧតុនិយម ថានៅដើមខែប្រាំនេះនឹងមានភ្លៀង អីឡូវយើងមានធ្លាក់ប្រមាណ១០ខេត្តហើយ អីចឹង គឺសុំយកចិត្តទុកដាក់លើកិច្ចការងារនេះ»៕
ប្រភព៖ AKP