បន្ទាយមានជ័យ៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បន្ទាយមានជ័យ បានថ្លែង ការកោកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលចេះច្នៃប្រឌិតយកកូន កន្សែងជក់ទឹក ហើយយកដាក់លើក្បាលសិស្សពេលអាកាសធាតុក្តៅខ្លាំងនៅ ខេត្តបន្ទាយមានជ័យ ដែល ឡើងកម្តៅ ៤៣អង្សា នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងសិរីសោភ័ណ នោះ។
លោក ឈូ ប៊ុនរឿង បានឱ្យដឹងថា ពិតជាកោតសសើរចំពោះលោកគ្រូ អ្នកគ្រូសាលាគំរូស្រុកមង្គលបូរីដែលចេះរិះរកច្នៃប្រឌិតយកកូនកន្សែងជ្រលក់ទឹកទូលលើក្បាលឱ្យត្រជាក់នៅពេលសិស្សកំពុងសិក្សាដែលអាកាសធាតុក្តៅខ្លាំងកម្តៅ រហូតពី៤០ ទៅ ៤៣អង្សា នៅខេត្តបន្ទាយមានជ័យប៉ុន្មានថ្ងៃមកចុងក្រោយនេះ។
លោកក៏បាន ជំរុញដល់លោកគ្រូ អ្នកគ្រូសាលារៀនទូទាំង ខេត្តបន្ទាយមានជ័យ ត្រូវចេះរិះរកច្នៃប្រឌិតជួយដល់សិស្ស ដូចសាលាគំរូស្រុកមង្គលបូរីពិតជាល្អណាស់។
លោកប្រធានមន្ទីរអប់រំយុវជននិងកីឡារូបនេះ បានបញ្ជាក់ថាអនុវត្តន៍ តាមការណែនាំរបស់សម្តេចមហាបវរធីបតិហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តរដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០អង្សា ជាពិសេសនៅចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង២ រសៀល ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលប៉ះពាល់ដល់សុខភាពការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាទាំងអស់ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តបានឬអាចសម្រាកបាន។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា ការសិក្សាពេលព្រឹកចូលរៀននៅម៉ោង ៧ចេញម៉ោង ១០ ពេលរសៀលចូលរៀននៅម៉ោង ២ចេញ ម៉ោង ៥ល្ងាច ក្នុង១ម៉ោងសិក្សាលោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥នាទី ហើយណែនាំដល់សិស្សត្រូវទទួលទានទឹកដាំឆ្អិនយកមកពីផ្ទះ ករណីសីតុណ្ហភាព ឡើងក្តៅខ្លាំងលើសពីការគ្រប់គ្រង នោះគណៈនាយកសាលាមានសិទ្ធិសម្រេចជាក់ស្តែង សម្រាកបាននៅពេលផុតកម្តៅធម្មតាចូលសិក្សាវិញ៕
ប្រភព៖ AKP