តាកែវ៖ សហគមន៍កសិកម្មចំនួន២ នៅក្នុងខេត្តតាកែវ កំពុងត្រៀមខ្លួនប្រែក្លាយទៅជា «សហគមន៍កសិកម្មទំនើប» ក្នុងនោះមាន សហគមន៍ផលិតស្រូវមួយនៅក្នុង ស្រុកកោះអណ្តែត ដែលបានត្រៀមគ្នាចំនួន ៣០គ្រួសារ រួចជាស្រេចដើម្បីស្ម័គ្រចិត្ត ធ្វើស្រែរួមគ្នាលើផ្ទៃដី ១០២ហិកតា និងសហគមន៍បន្លែមួយទៀតនៅក្នុង ស្រុកត្រាំកក់ ដែលមានសមាជិក ១០៩គ្រួសារ និងមានរោងផ្ទះសំណាញ់ចំនួន ៥៧៣ខ្នងរួចហើយផងដែរ។
នេះបើតាមការបញ្ជាក់ពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តថា ការបង្ហាញឆន្ទៈបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី«ការផ្សព្វផ្សាយទស្សនាទានសហគមន៍កសិកម្មទំនើប» ទៅកាន់សហគមន៍កសិកម្ម សមាគមន៍ពងទា ក្រុមកសិករចិញ្ចឹមសត្វ និងក្រុមកសិករចិញ្ចឹមបង្កង នៅខេត្តតាកែវ សរុបចំនួន ៤២សហគមន៍ ដឹកនាំដោយ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ព្រមទាំងមានការចូលរួមពីរដ្ឋបាលខេត្តតាកែវកាលពីពេលថ្មីនេះ។ តាមពិតទៅ មានសហគមន៍កសិកម្មចំនួន៤ ដែលបានបង្ហាញចំណាប់អារម្មណ៍ និង ចង់ប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើប។
ប៉ុន្តែសហគមន៍២ទៀត គឺជាសហគមន៍ចិញ្ចឹមមាន់ស្រែ ដែលមិនទាន់ស្ថិតនៅក្នុងបញ្ជី អនុវត្តន៍អាទិភាពក្នុងឆ្នាំនេះនៅឡើយ។ ដោយឡែក សម្រាប់សហគមន៍បន្លែ និង សហគមន៍ស្រូវ ក្រុមការងារនឹងបញ្ជូនមន្ត្រីជំនាញចុះមកធ្វើការវាយតម្លៃ និងសិក្សាពី សមិទ្ធលទ្ធភាព (Feasibility Study) មុននឹងសម្រេចទទួលយកមកគាំទ្រប្រែក្លាយ ទៅជាសហគមន៍កសិកម្មទំនើប។ សង្ឃឹមថានឹងមានឱកាសមកធ្វើការ និងបម្រើ ពុកម៉ែបងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវនាពេលដ៏ខ្លីខាងមុខនេះ៕
ប្រភព៖ AKP