លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ នៅថ្ងៃទី០១ ខែឧសភានេះកំដៅកើនឡើងខ្លាំងរហូតដល់៤៦អង្សាសេ មិនធ្លាប់មានកាលពីមុនមកឡើយ

0

ភ្នំពេញ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​បន្ទាប់​ពី​កំ​ដៅ​បាន​ឡើង​កំ​ដៅ​ខ្លាំង​នៅ​ថ្ងៃ​ទី​០១ ខែឧសភា​នេះ​ដោយ​កើនឡើង​រហូត​ដល់​៤៦​អង្សា​សេ​ដែល​មិន​ធ្លាប់​មាន​កន្លង​មក​នៅ​កម្ពុជា​។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​សារ​តាម​រយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ ២០២៤​នេះ​ថា​៖ ”​នៅ​កម្ពុជា​ពេល​នេះ គឺ​អាកាសធាតុ​បាន​ប្រែ​ទៅ​ជា​ក្តៅ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ឡើយ​។ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​សុខភាព ដែល​អាច​នឹង​មានការ​ដួល​សន្លប់ ឫ​លេស​ឡាស់​ដោយ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ជាដើម​។ ការ​ប្រែប្រួល​អាកាសធាតុ​នា​ពេល​នេះ​គឺជា​ការ​ពិត​ហើយ​។ ថ្ងៃនេះ​កំ​ដៅ​កើនឡើង​អាច​ដល់ ៤៦ អង្សារ​សេ​ទៅ​ហើយ​”​។

ជាមួយ​ការ​បញ្ជាក់​បែប​នេះ​លោក​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​សុខភាព​ផ្ទាល់ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ចេញផ្សាយ​ជូន​សាធារណជន​រួច​ហើយ ដែល​លោក​អ្នក​អាច​ស្វែងរក​មើល​បាន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ផង​ដែរ​។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា​៖ ”​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ គឺ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ក្តៅ​ខ្លាំង​នេះ​ក្នុង​រយ​:​ពេល​យូរ​ពេក ដែល​នាំ​ឱ្យ​រលាក​ស្បែក បែកញើស​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន សរីរាង្គកាយ​មិន​អាច​ទ្រាំទ្រ​បាន​ដែល​អាច​ឱ្យ​លេស​ឡាស់ ដង្ហក់ ឫ​ដួល​សន្លប់ ហើយ​គាំងបេះដូង​ស្លាប់​ជាដើម​”​។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ត្រូវ​រក​ទីតាំង​ម្លប់​ជ្រក បើ​នៅ​ក្រៅ​ផ្ទះ​ឫ​អគារ រក​កន្សែង​ឫ​ក្រ​ម៉ា​ជ្រលក់​ទឹក​គ្រប់​ដណ្តប់​ខ្លួន ឧស្សា​ហ័​បាញ់​ទឹក​នៅ​ជុំវិញ​ខ្លួន ពិសារ​ទឹក​ស្អាត​ឱ្យ​បាន​គ្រប់គ្រាន់​ពី ២-៣​លី​ត្រ​ក្នុង​មួយ​ថ្ងៃ សូមកុំ​ពិសារ​ភេសជ្ជ​ផ្អែម​ដែល​ធ្វើ​ឱ្យ​កំ​ដៅ​ខ្លួន​បុគ្គល​កើន​ថែម​ក្នុង​ពេល​ដែល​ក្តៅ​ខ្លាំង​នេះ និង​ប្រេ​ី​សម្លៀក​បំពាក់​ស្រាលស្តើង ដៃ​វែង ពាក់មួក​ការពារ​កំ​ដៅ​ថ្ងៃ អាច​ប្រើ​ឡូ​ស្យុ​ង​ការពារ​កំ​ដៅ​ថ្ងៃ ឫ​ប្រើ​ឆ័​ត្រ​បាំង​កំ​ដៅ​ថ្ងៃ​។ ជាមួយ​គ្នា​នេះ​បើ​នៅ​ក្នុងផ្ទះ ឫ​អគារ អាច​ប្រើ​កង្ហា ឫ​ម៉ាស៊ីនត្រជាក់​កាត់​បន្ថយ​កំ​ដៅ​។​ចៀសវាង​ការ​បរិភោគ​ផ្អែម​ពេក ប្រៃ​ពេក ឫ​ខ្លាញ់​ពេក​ជាដើម​៕

ប្រភព៖ AKP