មុខរបរដាំបន្លែនៅស្រុកឯកភ្នំ អាចជួយបង្កើនចំណូលសម្រាប់ជីវភាពគ្រួសារ

0

បាត់ដំបង៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​បន្លែ​ដែល​ជា​ប្រភេទ​ដំណាំ​លក្ខណៈ​គ្រួសារ​ចម្រុះ​គ្រប់មុខ​មិន​ប្រើ​ជីគីមី ហើយ​អ្នកស្រុក​និយម​ទទួលទាន​ជា​ប្រចាំ ក្នុង​នោះ មាន​ដូច​ជា ផ្លែ​ននោង ស្លឹក​បាស់ ស្លឹក​ជី ស្អំ ស្ពៃ និង​ត្រកួន​ជាដើម មាន​លក់​ពោរ​ពាស​នៅ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង​។

អាជីវករ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ប្រាប់​ថា ពួក​គាត់​អាច​រក​ប្រាក់​ចំណូល បាន​គ្រាន់បើ ស្រប​ពេល​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង ត្បិត​ប្រភេទ​បន្លែ​ចម្រុះ​ទាំងនេះ ជា​ប្រភេទ​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​មនុស្ស​ទូទៅ​ដែល​មិន​មាន​សារធាតុ​គីមី​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​។

បន្លែ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ គឺជា​ប្រភេទ​ដំណាំ ដែល​ប្រើប្រាស់​ការ​ដាំ​ដុះ​តាម ប្រពៃណី ហើយ​ប្រមូល​ផល ក្នុង​រយៈពេល​ខ្លី ចន្លោះ​ពី ៣-៦​ខែ កសិករ​អាច​ប្រមូល​ផល ដើម្បី​យក​ទៅ​លក់​បន្ត​ក្នុង​ទីផ្សារ ជា​រៀងរាល់ថ្ងៃ​។

អាជីវករ​លក់​បន្លែ​ប្រភេទ​ខាងលើ​នេះ នៅ​តាម​ទីផ្សារ​ជា​ច្រើន បាន​លើក​ឡើង ស្រ​ដៀង​គ្នា​ថា រដូវ​កាល​នេះ​ពួក​គាត់​លក់ដាច់​គ្រាន់បើ ជាង​រដូវ​កាល​កន្លង​ទៅ​។ ពួក​គាត់​ថា ការ​លក់ដាច់​នេះ ដោយសារ​តែ​រដូវ​កាល​នេះ​មាន​រលក​កម្តៅ​ក្តៅ​ខ្លាំង​ខុស​ពី​ឆ្នាំ​មុន​ៗ ទើប​គ្រប់​បន្លែ​លក់ដាច់ ហើយ​ពួក​គាត់​ក៏​ពិបាក​ដើរ​ទិញ​នៅ​តាម​ភូមិ​នោះ​ដែរ​ព្រោះ​អ្នក​ភូមិ​យក មក​លក់ដុំ​ឱ្យ​ដល់ទី​កន្លែង​។

អ្នកស្រី​យិ​ន ធី អាជីវករ​លក់​បន្លែ​គ្រប់មុខ នៅ​ផ្សារ​ព្រែក​ក្រូច ក្នុងស្រុក​ឯក​ភ្នំ ដែល​ប្រកប​របរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​លើក​ឡើង​ថា នៅ​រដូវ​កាល​ឆ្នាំ​នេះ បើ​គិត​ពី​ពាក់កណ្តាល​ខែមីនា កន្លង​មករ​ហូត​ដល់​ពេល​នេះ អ្នកស្រី​លក់ដាច់​គ្រាន់បើ ហើយ​អ្នកស្រី​ពិបាក​ដើរ​ក​ទិញ​ពី​តាម​ភូមិ ដោយសារ​តែ​អ្នក​ភូមិ​ខ្លះ ប្រមូល​ផល​បាន​តិចតួច ហើយ​ខ្លះ​ត្រូវ​ប្រឈម​នឹង​កម្តៅ​ស្វិត​អស់ ជា​ពិសេស ផ្លែ​ននោងជ្រុង និង​ននោង​ប្រហើរ គឺ​ពិបាក​រក​ទិញ​យក​មក លក់​បន្ត ខណៈ​បន្លែ​២​មុខ​នេះ លក់ដាច់​ខ្លាំង ដោយសារ​តែ​បន្លែ​នេះ វា​ធ្វើ​ឱ្យ​អ្នក​ដែល​បរិភោគ​ត្រជាក់​ខ្លួន និង​ជួយ​សុខភាព​ផង​ដែរ​។

អ្នកស្រី​បន្ត​ថា ផ្លែ​ននោង​ឡើងថ្លៃ ប៉ុន្មាន​ប្រហែល ១​អាទិត្យ​មុន ១​គីឡូក្រាម មាន​តម្លៃ ២០០០​រៀល តែ​ពេល​នេះ​ឡើង ៣០០០​រៀល ទាំង​ននោងជ្រុង និង​នោ​ង​ប្រហើរ​។ យ៉ាងណាមិញ ប្រជា​កសិករ ដែល​ជា​អ្នក​ដាំ​ដុះ​លើ​ផ្ទៃដី​ភូមិ​ក្នុង​មូលដ្ឋាន ក្នុងស្រុក​ឯក​ភ្នំ បានឱ្យ​ដឹង​ថា បន្លែ​ននោងជ្រុង ប្រហែល កន្លះ​ខែ​មុន បាន​ប្រមូល​ផល លក់​ឱ្យ​ឈ្មួញ បាន​១​គីឡូក្រាម ក្នុង​តម្លៃ​ត្រឹម​ចន្លោះ​ពី ១៥០០​រៀល ទៅ ២០០០​រៀល តែ​ប៉ុណ្ណោះ​។

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ប្រភេទ​បន្លែ​ទាំងនេះ អាច​លក់​ចេញ​បាន ចន្លោះ​ពី ១​គីឡូក្រាម តម្លៃ ២៥០០​រៀល ទៅ ៣០០០​រៀល ដោយពេល​ខ្លះ​រកតែ​ននោង​លក់​មិន​បាន​ផង ព្រោះ​ដើម​ននោង​ចាប់​ស្វិត​ងាប់​បណ្តើរ​ៗ​ដោយសារ​តែ​ក្តៅ​ពេក ហើយ​ប្រភព​ទឹក​ក៏​នៅ​តិច​ស្ទើរ រីងស្ងួត​ទាំងស្រុង​។

លោកស្រី​បន្ថែម​ថា «​គ្រួសារ​ខ្ញុំ​ដាំ​ដំណាំ​ឆ្លងកាត់​នេះ​រាល់​ឆ្នាំ មិន​រើស​ខែ​ថ្ងៃ​នោះ​ទេ អស់​មួយ​សារ​ដាក់​ដាំ​ថ្មី​ទៀត​ជា​បន្តបន្ទាប់ ដើម្បី​ទ្រទ្រង់​គ្រួសារ ព្រោះតែ​គ្មាន​មុខរបរ​អ្វី​ផ្សេង បើសិនជា​លក់ ដាច់​ដូច​ឆ្នាំ​នេះ ពិតជា​សប្បាយចិត្ត ភ្លេច​ការ​នឿយហត់​ជា​មិន​ខាន​ឡើយ​»​។

ចំណែក​ប្រជា​កសិករ នៅ​ស្រុក​មោងឫស្សី​ម្នាក់​ទៀត លោក ឆ​ន ឡឹប បានឱ្យ​ដឹង​ដែរ​ថា ផ្លែ​ននោង​លោក​បេះ​ស្ទើរ​មិន​ទាន់​តាម​តម្រូវការ​លើ​ទីផ្សារ ក៏​ដូច​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ដែល មក​រក​ទិញ​ដល់​ចម្ការ ដែល​លោក​បាន​ដាំ​លើ​ផ្ទៃដី​ត្រឹម ១​រ៉ៃ​ប៉ុណ្ណោះ ហើយ​ក៏​ទទួល​បាន​កម្រៃ គ្រាន់​បាន​ទប់ទល់​ជីវភាព​ក្នុង​គ្រួសារ​ផង​ដែរ​។

លោក​បន្ត​ថា «​បើ​តាម​ខ្ញុំ​គិត ថា​ទំហំ​ដី ១​រ៉ៃ​នេះ វា​ជា​ប្រភព​ផ្តល់​ជីវភាព​របស់​គ្រួសារ​ខ្ញុំ ឱ្យ​តែ​យើង​ចេះ​ច្នៃ វា​នឹង​មាន​ប្រយោជន៍ ហើយ​កន្លង​មក​ខ្ញុំ​តែង​ចេញ រក​លុយ​ឆ្ងាយ​ពី​គ្រួសារ តែ​អត់​មានអី​សល់​ធំដុំ​ផង ដល់​ពេល​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ដំណាំ​ឆ្លងកាត់​លុយ​បាន​រហូត បើ​គិត​ទៅ​ខ្ញុំ​ធ្វើ​យូរ​ឆ្នាំ​ដែរ​ហើយ បើ​គឹ​តម​ក​ដល់​ពេល​នេះ បន្លែ​ដែល​ខ្ញុំ​ដាំ​តម្រូវ​តាម​ទីផ្សារ តែ​ននោង ត្រូវ​តែ​មាន​រហូត ព្រោះ​គេ​ចូល​ចិត្ត​គ្រប់​គ្នា​»​។

ដោយឡែក លោកស្រី ផា​ន់ មុំ ជា​កសិករ​ក្នុងស្រុក​បាណ​ន់ ជា​អ្នក​ដាំ​បន្លែ ឆ្លងកាត់​មិន​តិច​ឆ្នាំ​នោះ​ដែរ បាន​និយាយ​ប្រាប់​ដោយ លាយឡំ​សំណើច​ថា ពេល​នេះ អ្នក​ដាំ​បន្លែ បែរជា​រក​ទិញ​បន្លែ​ពី​ផ្សារ​ស្ទើរ​មិន​ចង់បាន ព្រោះ​បន្លែ​ដែល​បាន​ដាំ​ត្រូវ​ងាប់​គ្មាន សល់ ដោយសារ​រលក​កម្តៅ​ក្តៅ​ស្ទើរ​ឆេះ​។

លោកស្រី​សង្កត់​ថា «​មិនមែន​តែ​ខ្ញុំ​ទេ ដំណាំ​អ្នក​ផ្សេង​ៗ​ក៏​ស្វិត​ងាប់​ទាំងអស់​ដែរ បើសិនជា​មាន​អ្នក​ដាំ​បាន នៅ​សល់​លក់​ក៏​បាន​ថ្លៃ​ដែរ ដូច​ដំណាំ​បន្លែ​ខ្ញុំ​អ៊ីចឹង បើសិន​នៅ​សល់​ដូច​ឆ្នាំ​មុន គឺ​បាន​លុយ​ក៏​មិន​តិច​ដែរ អាច​និយាយ​បាន​ថា​គួរសម​»៕

ប្រភព៖ AKP