ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យពន្លឿនការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឱ្យបានឆាប់រហ័សតាមផែនការគ្រោងទុក ជៀសវាងការពន្យាពេល ដើម្បីមានសមត្ថភាពអាចផ្ទុកទំនិញពីនាវាធុនធំ ជាពិសេសទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរ សម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សន្ទុះនៃការអភិវឌ្ឍរីកចម្រើននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់នៅទីនេះ បន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ៕
ប្រភព៖ AKP