ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមិនធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយសារប្រទេសមហាអំណាចណាមួយជាថ្មីនោះទេ ដើម្បីធ្វើយ៉ាងណារក្សាសុខសន្ដិភាពសម្រាប់ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខសាន្ដ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា សូមកុំយកកម្ពុជាធ្វើជាភូមិសាស្ដ្រជម្លោះនៅក្នុងតំបន់ ព្រោះកម្ពុជាមិនមានជម្រើសចាប់អ្នកណា ប្រឆាំងអ្នកណានោះទេ គឺកម្ពុជាសាមគ្គីទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា នយោបាយភូមិសាស្ដ្រការប្រកួតប្រជែងមិនឈានទៅដល់ការប៉ះទង្គិចគ្នា ដើម្បីបាត់បង់ស្ថេរភាពនៅក្នុងតំបន់ និងពិភពលោក ដូចកាលពីទសវត្សឆ្នាំ៧០ និង៨០តទៅទៀតនោះទេ បន្ទាប់ពីសង្គ្រាមនៅកម្ពុជាកើតចេញពីការធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមប្រទេសមហាអំណាច។
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនត្រូវការទ័ពបរទេសលើទឹកដីកម្ពុជាទេ ហើយកម្ពុជាឆ្លងកាត់រួចហើយសង្គ្រាម ដូច្នេះកម្ពុជាអត់ត្រូវការសង្គ្រាមទៀតនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចង់បានតែសេចក្តីសុខ និងចង់ឱ្យប្រជាពលរដ្ឋឃើញតែពន្លឺភាពសុខសាន្តតែប៉ុណ្ណោះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដរាបណាខ្មែរមានសុខសន្តិភាព កូនខ្មែរមានសមត្ថភាពធ្វើអ្វី ដែលជារបស់ខ្មែរមិនចាញ់គេនោះទេ ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី៕
ប្រភព៖ AKP