សម្ដេចធិបតីនាយករដ្ឋមន្ត្រីណែនាំឱ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ក្នុងករណីក្ដៅខ្លាំងលើស ៤០អង្សាសេ

0

ព្រះសីហនុ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឱ្យ​គណៈ​គ្រប់គ្រង​សាលា ផ្អាក​ការ​សិក្សា​ជា​បន្ទាន់ ដើម្បី​ការពារ​ចំពោះ​សុខភាព​សិស្សានុសិស្ស​នៅ​ពេល​មាន​ករណី​ក្ដៅ​ខ្លាំង​លើស ៤០​អង្សា​សេ​។ ការ​ណែនាំ​របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បែប​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ដោយ​សង្កេត​ឃើញ​ថា ប៉ុន្មាន​ថ្ងៃនេះ អាកាសធាតុ​មានការ​ក្ដៅ​ខ្លាំង មិនមែន​មាននៅ​កម្ពុជា​នោះ​ទេ គឺ​មាននៅ​លើ​ពិភពលោក​។ ក្នុង​ករណី​មេឃ​ក្ដៅ​ខ្លាំង​នេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បានឱ្យ​គោលការណ៍​ទៅ​ដល់​ក្រសួង​-​ស្ថាប័ន ជា​ពិសេស អាជ្ញាធរ​មូលដ្ឋាន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ និង​បញ្ហា​ទឹក​សម្រាប់​ប្រើប្រាស់ ក្នុង​ដូ​វ​ក្ដៅ​នេះ​។ សម្ដេច​ធិ​បតី ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​គ្រប់​ប្រភេទ ត្រូវ​ត្រៀមកម្លាំង ដើម្បី​ជួយ​អន្ដរាគមន៍​ប្រជាពលរដ្ឋ ក្នុង​ករណី​រដូវប្រាំង​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់​ថា​៖ «​ម្សិលមិញ​ខ្ញុំ បាន​ណែនាំ​ក្រសួង​អប់រំ ហើយ​ក៏​ឃើញ​ក្រសួង​អប់រំ ចេញ​គោលការណ៍​ណែនាំ ជា​ពិសេស​នៅ​តាម​សាលា សាលា​ក្មេង​ៗ​តូច​ៗ បើ​ថ្ងៃ​ណា​ពាក់ព័ន្ធ​នឹង​សីតុណ្ហភាព​ឡើង​លើស ៤០ អង្សា​សេ សូម​ឱ្យ​ពិនិត្យ​មើល ទី​មួយ​ម៉ោង​ពេលវេលា​រៀន ព្រោះ​ក្ដៅ​ខ្លាំង​ជា​ពិសេស​ម៉ោង​១០ ម៉ោង​២​ហ្នឹង​។ អីចឹង​កែ​ម៉ោង​ទៅ កុំឱ្យ​ចូល គិតគូរ​រឿង​ទឹក​ការ​ប្រើប្រាស់​ហូប ហើយ​បើ​ចាំបាច់ គឺ​ប្រគល់​សិទ្ធិ​ឱ្យ​គណៈ​គ្រប់គ្រង បើសិនជា​ក្ដៅ​ខ្លាំង​លើស​៤០​ដឺ​ក្រ ហើយ​សាលា​មិន​អំណោយផល​អាច​មាន​សិទ្ធិ​ផ្អាក​ការ​សិក្សា​ថ្ងៃ​នោះ កុំឱ្យ​សិស្ស​អង្គុយ​យូរ​»​។

យោង​តាម​រយៈ​លិខិត​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ក្រសួង បាន​សម្រេច​ប្តូរ​ម៉ោង​សិក្សា​របស់​សិស្សានុសិស្ស នៅ​តាម​គ្រឹះស្ថានសិក្សា​ទាំងអស់ ដោយពេល​ព្រឹក​ចូល​រៀន​ម៉ោង​៧ ចេញ​ម៉ោង​១០​ព្រឹក និង​ពល​រសៀល​ចូល​ម៉ោង​២ ចេញ​ម៉ោង ៥​រសៀល​។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ​ក៏​បាន​លើក​ឡើង​ថា ក្នុង​ករណី​សីតុណ្ហភាព​ឡើង​ខ្លាំង​លើស​ពី​ការ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជាក់ស្តែង​៕

ប្រភព៖ AKP