រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ក្រសួងព័ត៌មាន កំពុងពិនិត្យ និង រៀបចំច្បាប់ស្តីពីរបប​សារព័ត៌មានថ្មីដើម្បីឱ្យស្រប​ទៅ​តាមការវវិវឌ្ឍនៃ​សង្គមសម័យថ្មី

0

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ក្រសួង​កំពុង​ពិនិត្យ និង​រៀបចំ​ឡើង​វិញ​ក្នុង​ការ​ធ្វើ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ថ្មី​ជំនួស​ឱ្យ​ច្បាប់​នៃ​របប​សារព័ត៌មាន​ចាស់​ដែល​ត្រូវ​បាន​គេ​មើលឃើញ​កំពុង​ហួស​សម័យកាល​កា​រវិ​វត្ត​នៃ​សង្គម​នា​ពេល​បច្ចុប្បន្ន​សំដៅ​ធ្វើ​យ៉ាងណា​ជួយ​ពង្រឹង​លើ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ការ​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី «​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​» កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់​ថា​៖ “ ច្បាប់​ស្តី​ពី​របប​សារព័ត៌​មានបាន​អនុម័ត​ឱ្យ​ប្រើប្រាស់​តាំង​តែ​ពី​ឆ្នាំ​១៩៩៥​បច្ចុប្បន្ន​នេះ​មាន​អាយុ​២៩​ឆ្នាំ​ហើយ​។​ច្បាប់​នេះ​មិន​ទាន់​បាន​ធ្វើ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ក្រសួង​ព័ត៌មាន​កំពុង​ដឹកនាំ​ក្រុមការងារ​ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ ។ ដោយ​ក្នុង​នេះ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​ថា​តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច ជា​រួម និង​ជា​យោបល់​យើង​នឹង​ធ្វើ​ច្បាប់​ថ្មី ហើយ​ច្បាប់​ថ្មី​នេះ​នឹង​ឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តី​ពី​រប​របប​សារព័ត៌មាន​ចាស់​”​។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់ បាន​បោះ​ជំហាន​ចូល​ដល់​ចំណុច​របត់​នៃ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ដែល​បច្ចេកវិទ្យា​ទំនើប និង​សម្បូណ៌​បែប​បាន​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ផ្សព្វផ្សាយ ទទួល និង​ចែករំលែក​ព័ត៌មាន ក៏​ដូច​ជា ទំនាក់ទំនង​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏​បាន​លើក​ឡើង​ថា​៖ ”​អីចឹង​គោលការណ៍​ដែល​មាន​ចែង​ទាំង​ប៉ុន្មាន​ក្នុង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ចាស់​នេះ យក​ជា​មូលដ្ឋាន​គ្រឹះ​ទាំងអស់​។ សូមកុំ​មានការ​ព្រួយបារម្ភ​ថា​បាត់បង់​ធាតុ​ណាមួយ​តែ​យើង​នឹង​បន្ថែម​ធាតុ​ថ្មី​បញ្ចូល​បន្ថែម​ទៀត​ដើម្បី​បន្ស៊ី​ទៅ​នឹង​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​សង្គម​របស់​យើង​”​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទិដ្ឋភាព​នៃ​ការ​ប្រែប្រួល ទាំងនេះ​ចាំបាច់​ទាមទារ​ឱ្យ​ភាគី​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ស្រប​នឹង​និន្នាការ​វិវត្តន៍​បច្ចុប្បន្ន និង​ឱ្យ​ស៊ីសង្វាក់​គ្នា ជាមួយ​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​កម្ពុជា ក្នុង​ការ​ធានា​គុណភាព​ព័ត៌មាន ប្រសិទ្ធភាព​ផ្សព្វផ្សាយ​ប្រកបដោយ ភាព​ប្រកួតប្រជែង គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ចូលរួម​ក្នុង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។

ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​គូសបញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ក្រសួង​ព័ត៌មាន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​សមាគម​សារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ទាំង អស់ ក្នុង​ការ​លើកកម្ពស់​គុណភាព​វិជ្ជាជីវៈ​សារព័ត៌មាន និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​រយៈ​ការ​បន្ត​ពង្រឹង​ការ​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ ការ​គ្រប់គ្រង​សន្តិសុខ​ព័ត៌មាន​បន្ត​ផ្តល់​កិច្ច​គាំពារ​សង្គម​និង​ការ​ការពារ​ផ្នែក​ច្បាប់​ដល់​អ្នក​សារព័ត៌មាន​ដែល​គោរព​ក្រមសីលធម៌ ការ​ពង្រឹងសមត្ថភាព​ជំនាញ​តាម​រយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​និពន្ធ ផលិត និង ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​គុណភាព ក៏​ដូច​ជា​បំពាក់បំប៉ន​ជូន​ដល់​អ្នក​សារព័ត៌មាន​នូវ​ចំណេះដឹង​ស្តី​ពី​ក្រមសីលធម៌​។

បើ​តាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានឱ្យ​ដឹង​ដែរ​ថា កន្លង​មក ក្នុង​ការ​គ្រប់គ្រង​អង្គភាព​សារព័ត៌មាន និង​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ ក្រសួង​បាន​ប្រកាស​លុបឈ្មោះ​អង្គភាព​សារព័ត៌មាន​ចេញពី​បញ្ជី​ចំនួន ២០​អង្គភាព ក្នុង​ចន្លោះ​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ ដោយ​មូលហេតុ​អង្គភាព​ទាំងនោះ​បាន​បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។ ទន្ទឹម​នឹង​នេះ ក្រសួង​ព័ត៌មាន​បាន​អនុវត្តន៍​នីតិវិធី​រដ្ឋបាល ដោយ​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ទ​ង្វើ​ខុសឆ្គង​ទាំងនោះ​សរុប​ចំនួន​ជាង​៥០​ករណី​៕

ប្រភព៖ AKP